ឯកឧត្តម គង់ វិបុល ចូលរួមក្នុងសិក្ខាសាលា ស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រង ការបង្វិលសងអាករលើតម្លៃបន្ថែមតាមអនឡាញនៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្ត្រីសាខាពន្ធដារមកពីបណ្តារាជធានី ខេត្ត ពាណិជ្ជករ អាជីវករ និងបណ្តាក្រុមហ៊ុន សហគ្រាសក្នុងខេត្តសៀមរាបប្រមាណជាង៧០០នាក់ ត្រូវបានអញ្ជើញឱ្យមកចូលរួមនៅក្នុង សិក្ខាសាលាស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង ការបង្វិលសងអាករលើ តម្លៃបន្ថែមតាមអនឡាញ ដែលពិធីនេះបានប្រារព្ធធ្វើឡើងកាលពី ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារ សុខាសៀមរាប ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលានោះថា សិក្ខាសាលា ដ៏មានសារៈសំខាន់នេះ គឺក្នុងគោលបំណងផ្សព្វផ្សាយអំពីកាតព្វកិច្ចសារពើពន្ធ ក៏ដូចជា យន្តការថ្មីៗ ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនសិក្ខាកាមទាំងអស់ បានជ្រាប និងចូលរួមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវចំពោះ ធុរៈជនប្រកប អាជីវកម្មនៅក្នុងខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា បានធ្វើការអំពាវនាវដល់បងប្អូន ដែលប្រកបអាជីវកម្ម សូមឱ្យចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងបង់ពន្ធទាំងអស់ គ្នាឱ្យបានខ្ជាប់ខ្ជួន ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងកិច្ចការអភិ វឌ្ឍប្រទេសជាតិ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ និងលើកស្ទួយតាមរយៈការបង់ពន្ធនេះ។

នាឱកាសនោះដែរ ឯកឧត្តម គង់ វិបុល ក៏បានលើកឡើងនូវគន្លឹះល្អៗមួយ ចំនួនក្នុងការ ធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត ក្នុងការរួមចំណែកក្នុងការបង់ពន្ធ ហើយចំណូល ពន្ធដារគឺជាចំណូលមួយ ដូចជាឈាមនៅក្នុងសរីរាង្គមនុស្សយើង ដូច្នេះថវិកាជាតិដែលមាន សព្វថ្ងៃនេះ ភាគច្រើនបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ជូនថវិកាជាតិ។
ឯកឧត្តម គង់ វិបុល បានឱ្យដឹងទៀតថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ លើការងារ កំណែទម្រង់ និងការអនុវត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នៃរដ្ឋសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់ទៅលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រស្នូលគឺការពង្រឹងនូវអភិបាលកិច្ចល្អ។

ជាមួយគ្នានោះ ឯកឧត្តម គង់ វិបុល ក៏បានលើកនូវគន្លឹះសំខាន់ៗមួយចំនួនដូចជា ការធ្វើកំណែទម្រង់របស់ពន្ធដារ ដែលជាផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិរបស់ពន្ធដារ ការពង្រឹងនិងកែលម្អក្នុងការចុះបញ្ជីផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យបានល្អ ការរៀបចំកែលម្អ នៃការចាត់ចែងសេចក្តីប្រកាសបង់ពន្ធ ឱ្យអ្នកជាប់ពន្ធបានល្អប្រសើរ និងរៀបចំកែលម្អ ការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់ និងពង្រឹងវប្បធម៌នៃការបង់ពន្ធ។

ឯកឧត្តម គង់ វិបុល ក៏បានបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះ គឺជាការចែករំលែក នូវចំណេះដឹងនិងបទពិសោធន៍ល្អៗ ដល់បងប្អូនជាពាណិជ្ជករ អាជីវករជាតិ អន្តរជាតិ និងបណ្តាក្រុមហ៊ុន សហគ្រាស។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពិសេសមន្ត្រីសាខាពន្ធដារមកពីរាជធានី ខេត្ត បានទទួលចំណេះដឹងទាំងនេះ យកទៅធ្វើការ ផ្សព្វផ្សាយបន្តដល់អ្នកជាប់ពន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានយល់ដឹងបន្ថែមទៀតផងដែរ៕

ដោយ ហង្ស សៀក