សម្ដេចតេជោ៖ ក្រុមមេធាវីរបស់តេជោសែនសម្រាប់ការពារកូនក្ដីឱ្យស្ត្រីក្រីក្រ នឹងចេញដំណើរក្នុងពេលដ៏ខ្លីខាងមុខ

AKP កណ្តាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ប្រសា​សន៍​ថា ក្រុមមេធាវីតេជោសែនសម្រាប់ការពារកូនក្ដីឱ្យស្ត្រីក្រីក្រ នឹងចេញដំណើរ​ក្នុងពេលដ៏​ខ្លី​ខា​ងមុខ ក្នុងខណៈដែលមានថវិកាចំនួន២០០០ពាន់លានរៀល សម្រាប់ការរៀបចំដំណើរ​ការ​នោះ​។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន​កម្ម​ករ​​និយោ​ជិ​ត​ ប្រមាណជិត ១២០០០​នា​ក់​ នៅខេត្តកណ្ដាល ដែលប្រារព្ធ​ធ្វើ​ឡើ​ង​នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធ​ស​ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំ​ឆក់​ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេ​ច​តេ​ជោ ថ្លែងថា ខ្ញុំសូមជម្រាបលោកជំទាវក្រសួងកិច្ចការនារី ដែលជាប្រធា​នក្រុមប្រឹក្សា​ជាតិ​ក​ម្ពុ​​ជាដើម្បីស្ត្រីថា ខ្ញុំសម្រេចចិត្តជាផ្លូវការហើយ ឥឡូវរកបានថវិកាចំនួន ២០០០ពាន់លាន​រៀ​ល​ ស្មើនឹង៥០ម៉ឺនដុល្លារអាម៉េរិក ត្រៀមក្នុងដៃដើម្បីចេញដំណើរមេធាវីរបស់ខ្ញុំ។ នេះមិនមែន​ជាថវិការ​បស់​រាជរដ្ឋាភិបាលទេ ជាថវិការបស់ខ្ញុំដែលបានប្រមូលគ្នាដើម្បីរៀបចំឱ្យមានក្រុម​មេ​ធា​វីរបស់​តេជោសែនមួយសម្រាប់ការពារកូនក្ដីឱ្យស្ត្រីក្រីក្រ ដែលឥឡូវនេះមានស្ត្រីខ្លះកំពុង​នៅ​​​ក្នុងមន្ទីរឃុំឃាំងដោយខ្វះមេធាវីបណ្ដាលឱ្យកាត់ក្ដីមិនកើត។ នេះជាគោលនយោបាយ​ចំ​ពោះ​ស្ត្រីរបស់យើង។ ខ្ញុំនឹងធ្វើរឿងនេះឱ្យចេញក្នុងពេលវេលាដ៏ខ្លី ហើយចាប់ផ្ដើមចេញ​ដំណើ​រ​​។

សម្តេចតេជោនាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹងថា ​សម្តេច​បានប្រគល់​កិច្ចការ​នេះ​ទៅ​លោក​មេធាវី គី តិច ដើម្បី​រៀបចំ​ក្រុ​មមេធាវី​នេះ ដោយ​សម្តេច​បញ្ជាក់ថា ក្រុម​មេធាវី​នេះ​និង​មាន​សមាជិក​ចំ​នួ​ន​ ៥០នាក់ និង​ធ្វើការ​បែងចែក​ទៅ​រាជធានី ខេត្ត ទាំង ២៥ ដោយ​មួយ​ខេត្ត​មាន​មេធាវី ២នាក់។ ក្រុម​មេធាវី​នេះ​និង មាន​ប្រធាន​១ រូប និង អនុប្រធាន​៤ រូប ដើម្បី​ងាយស្រួល​ព្រោះក្នុង​ដំ​ណើរ​​ការការងារ​​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឱ្យ​លោក គី តិច ជ្រើសរើស​មេធា​វីជា​ស្រ្តីឱ្យ​បាន​ច្រើនដើម្បី​ជួយ​ការពារ​ស្ត្រី​រងគ្រោះ។

សម្ដេចតជោថ្លែងទៀតថា ​ការបង្កើត​មេធាវី​នេះ​​គឺ​ក្នុង​គោលបំណង​ជួយ​ដល់​ស្ត្រី​ដែល​កំពុង​រងគ្រោះ​ដោយ​អំពើ​ហិង្សា និងការរំលោភ​បំ​ពា​ន​ ព្រមទាំង​ជួយ​ការពារ​ក្តី​ដល់​ស្ត្រី​រងគ្រោះ​ដែល​កំពុង​ជាប់ឃុំ​ឃាំង​លើស​ពេល​កំណត់​ដោយ​សារ​​​តែ​ខ្វះខាត​មេធាវី​និង​ថវិកា​សម្រាប់​ការពារ​ក្តី។ សម្តេចតេជោ​ក៏បានប្រាប់​ទៅ​កម្មការិនី​ទាំ​ង​អស់​ថា ​​ប្រសិន​ជួប​នូវ​រឿង​អ​យុ​ត្តិ​ធម៌​ណាមួយ​កើតឡើង​ចំពោះ​ខ្លួន កម្មការិនី​ទាំងអស់​អាច​ស្នើ​​មក​ក្រុម​មេធាវី​របស់​សម្តេច ដើម្បី​ជួយការពារ​ក្តី​ និង​ជួយ​រក​យុ​ត្តិ​ធម៌​ជូន​ដោយ​មិន​គិត​ថ្លែ៕

ដោយ ជឹម ណារី