រដ្ឋមន្រ្ដីក្រសួងវប្បធម៌៖ មហោស្រពសិល្បៈ គឺជាសាលារៀន ជាឱកាសសម្រាប់ផ្លាស់ប្ដូរបទ ពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា មហោស្រពសិល្បៈ គឺជាសា​លារៀន ជាឱកាសសម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពុំមែនជា ការប្រកួតប្រជែងស្លាប់រស់នោះទេ។

ក្នុងពិធីបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៥ ក្រោមប្រធានបទ យុវជន ដើម្បី វប្បធម៌ជាតិ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំ មហោស្រពនេះ ក្នុងគោលដៅលើកស្ទូយការអប់រំ ផ្សព្វផ្សាយអំពីចំណេះដឹង សិល្បៈវប្បធម៌ តាមរយៈរូបភាពសិល្បៈក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ព្រមទាំងលើកទឹកចិត្ដ ដល់យុវសិល្បករ សិល្បការិនី ជាសិស្ស និស្សិតនៅទូទាំងប្រទេសឱ្យមកចូលរួមប្រកួតប្រជែង ដើម្បីបញ្ចេញនូវសមត្ថភាព និងទេពកោសល្យពិតៗរបស់ខ្លួន។ ទន្ទឹមនេះ មហោស្រពនេះ បាន​រួមចំណែកបំផុសសា្មរតីជាតិនិយម ស្រឡាញ់វប្បធម៌ និងចូលរួមផ្សព្វផ្សាយអំពីផលិត​ផលសិល្បៈ វប្បធម៌ខ្មែរដ៏សម្បូរបែបក្នុងតំបន់ និងពិភពលោក។

លោកជំទាវបានបញ្ជាក់ថា ប្រធានបទនេះ ក៏តម្រូវឱ្យបម្រើនូវខ្លឹមសារទប់ស្កាត់ កែលម្អ វប្បធម៌អវិជ្ជមានក្នុងស្រទាប់​យុវវ័យ បណ្ដុះបណ្ដាស្មារតីស្នេហាវប្បធម៌ជាតិ ដើម្បីបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌៖ វប្បធម៌ដើម្បីអប់រំ អប់រំដើម្បីវប្បធម៌ និងចូលរួមចំណែកលើកស្ទួយសុវត្ថិភាពសង្គម សន្ដិភាព និងការអភិវឌ្ឍ។ លោកជំទាវបានបន្ដថា សិល្បៈវប្បធម៌គឹជាព្រលឹងជាតិ និងជាអត្ដសញ្ញាណ ខ្មែរគឺជាមូលដ្ឋានគ្រឹះនៃគំនិត និងស្មារតីសម្រាប់ផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម។លោកជំទាវបានលើកឡើងថា ដោយមើលឃើញនូវតួនាទីដ៏ចម្បងរបស់សិល្បៈ វប្ប​ធម៌យ៉ាងដូច្នេះហើយទើបយើងចាំបាច់ត្រូវខិតខំបន្ដការបណ្ដុះបណ្ដាលស្មារតីស្នេហា វប្បធម៌ ជាតិ ក្នុងស្រទាប់យុវវ័យ តាមរយៈការសិក្សាអំពីរូបភាព និងខ្លឹមសារ ជាពិសេសគឺការ​សិក្សាអំពី​តម្លៃដ៏វិសេសវិសាលនៃវប្បធម៌ជាតិក៏ដូចជាប្រពៃណី ទំនៀបទម្លាប់ ជំនឿសាសនា អក្សរ​សាស្រ្ដ អក្សរសិល្ប៍ ដែលជាអត្ដសញ្ញាណ និងជាព្រលឹងរបស់ជាតិ។ ជាមួយគ្នានេះ ការបន្ដ​បញ្ជ្រាបចូលក្នុងស្រទាប់យុវជនតាមរយៈការប្រកួតប្រជែងផលិតស្នាដៃសិល្បនិម្មិត កម្មថ្មី ដើម្បី​បម្រើការអប់រំ និងសេចក្ដីសប្បាយរីករាយ ថ្លៃថ្នូររបស់យុវជន ព្រមទាំងអប់រំផ្សព្វ ផ្សាយអំពីសីលធម៌ គុណធម៌ និងចំណេះដឹងថ្មីសម្រាប់ការអភិវឌ្ឍ ការបង្កើតស្នាដៃ និងផលិត ផលសិល្បៈគ្រប់ទម្រង់។ លោកជំទាវបានបន្ថែមថា ស្នាដៃទាំងនេះ មិនត្រូវគិតត្រឹមតែឱ្យមាន ភាពល្អមើល និងពិរោះស្ដាប់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវបង្កប់នូវគំនិត និងទស្សនល្អៗដែលមាន គុណប្រយោជន៍ដល់ការលើកកម្ពស់ការអប់រំសីលធម៌សង្គម និងមនសិការស្នេហាជាតិផងដែរ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាព្រះរាជាណាចក្រវប្បធម៌ សំដៅទាក់ទាញទេសចរជាតិ អន្ដរជាតិ និងភាពល្បីល្បាញរបស់កម្ពុជាលើឆាកអន្ដរជាតិ។

លោកជំទាវរដ្ឋមន្រ្ដីបានបន្ថែមទៀតថា ចំណេះដឹងពិតដែលមានតម្លៃនោះ មិនសំដៅ តែលើវិស័យសិល្បៈ ឬទស្សនីយភាពមួយនោះទេ ប្រសិនបើគ្មានចំណេះដឹងពិតប្រាកដ ការអភិវឌ្ឍវប្បធម៌ នឹងត្រូវជួបប្រទះនូវហានិភ័យ។ ណែនាំដល់យុវជនទាំងអស់ ចាំបាច់ត្រូវ ខិតខំប្រែក្លាយគុណភាពស្នាដៃឱ្យមានលក្ខណៈជឿនលឿន ទំនើបកម្ម និងទាន់សម័យ តែត្រូវ រក្សាឱ្យបាននូវលក្ខណៈដើមនៃប្រពៃណី ទំនៀមទម្លាប់ ពណ៌សម្បុរ និងអត្ដសញ្ញាណជាតិ។ លោកជំទាវសង្ឃឹមថា ក្មួយៗយុវសិល្បករទាំងអស់ នឹងទទួលបាននូវលទ្ធផលយ៉ាងល្អ​ប្រសើរ ស័ក្ដិសមទៅនឹងអ្វីដែលបានខិតខំរៀនកន្លងមក ហើយលទ្ធផលដែលនឹងទទួល​បាន​នៅថ្ងៃមុខគឺមិនត្រឹមតែជាពានរង្វាន់នៃជ័យលាភីនៅក្នុងវិស័យសិល្បៈទស្សនីយភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាចំណេះដឹង និងបទពិសោធន៍មួយពីកម្មវិធីនេះថែមទៀត។

លោកជំទាវបានឱ្យដឹងទៀតថា ក្រៅពីនេះ ថ្វីត្បិតតែសិល្បៈទស្សនីយភាពមានគោល ដៅ​បម្រើ​អារម្មណ៍ និងមនោសញ្ចេតនារបស់មនុស្សឱ្យទទួលបាននូវភាពសប្បាយរីករាយ ក៏ពិតមែន ប៉ុន្ដែក៏ត្រូវតែមានគុណប្រយោជន៍ចូលរួមយ៉ាងសកម្មដល់ការអប់រំផ្លូវចិត្ដ ការបណ្ដុះ ផ្នត់គំនិត និងការកែប្រែឥរិយាបថរបស់មនុស្សនៅក្នុងសង្គមផងដែរ។ លោកជំទាវក៏បានផ្ដាំផ្ញើ​ដល់យុវជន យុវ សិល្បករ សិល្បការិនីទាំងអស់ដែលបានចូលរួមសម្ដែង និងប្រកួតប្រជែង​យក​ជ័យលាភីមហោស្រពនេះ ត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ ប្រកាន់ភ្ជាប់នូវសីលធម៌ និង​ធ្វើជាគំរូល្អដល់សង្គម ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ និងជាមនុស្សមានថាមព​លគ្រប់​គ្រាន់​ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យមានការរីកចម្រើន​ប្រកបដោយចីរភាព នាពេលអនាគត។

សូមបញ្ជាក់ថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេសនេះ គឺត្រូវបានប្រារព្ធឡើង ចាប់តាំងពីឆ្នាំ២០១៥មកម្លេះ ដោយប្រធានបទនេះ ត្រូវបានរៀបចំឡើងជាបន្ដបន្ទាប់ចំនួន៤​លើករួចមកហើយ ព្រោះថា យុវជនជាអ្នកបន្ដវេន ជាទំពាំងស្នងឫស្សី ជាកម្លាំងស្នូលរបស់​ជាតិ និងជាក្ដីសង្ឃឹមនាពេលអនាគត ផ្ដោតសំខាន់លើវិញ្ញាសាឈុតល្ខោនអប់រំ របាំសហ​សម័យខ្មែរ និងវេទិកាចោទឆ្លើយអំពីចំណេះដឹងសិល្បៈ វប្បធម៌ទូទៅ៕

ដោយ អ៊ុន រិទ្ធី