រដ្ឋបាលខេត្តកែបបានរួមគ្នាប្រារព្ធពិធីបុណ្យមាឃបូជា

AKP កែប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — ពិធីបុណ្យមាឃបូជា តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះមានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងក្នុង គោលបំណងពីរគឺ៖ ទី១- ដើម្បីរម្លឹកដល់ថៃ្ងចតុរង្គសន្និបាត ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង និងទី២- ដើម្បីរម្លឹកដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។ ដោយឡែកនៅខេត្តកែប កាលពីរសៀលថ្ងៃអង្គារ ១៥​កើត​ ពេញ​បូណ៌មី ខែ​មាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ ព្រមទាំងអភិបាលរងខេត្តជាច្រើនរូប រួមនិងព្រះសង្ឃនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ព្រមទាំងពុទ្ធសាសនិកជន ក្នុងខេត្តបាននរួមគ្នាប្រារព្ធពិធីបុណ្យមាឃបូជានេះដោយដង្ហែពីវិមានឯករាជ្យខេត្ត ឆ្ពោះទៅកាន់មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែបើកនូវសិទ្ធិទូលំទូលាយផ្ដល់ឱកាសដល់ពលរដ្ឋទូទៅ ដោយមិនមានការរើស អើងឬរឹតត្បិតនូវជំនឿសាសនាអ្វីឡើយ។ ជាក់ស្ដែងបុណ្យមាឃបូជានេះ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធ បុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃ។

ដោយឡែកសម្រាប់ខេត្តកែប រដ្ឋបាលខេត្តតែងតែបានដឹកនាំប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំដោយមានការចូលរួមពីពុទ្ធសាសនិកជនគ្រប់មជ្ឈដ្ឋានចូលរួមពិធីបុណ្យសាសនាដ៏សំខាន់មួយនេះ។ ឯកឧត្តមអភិបាលខេត្តក៏បានឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងកម្មវិធីបុណ្យនេះជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តកែប ជួបតែសេចក្ដីសុខគ្រប់ប្រការ និងបានអំពាវនាវឱ្យមានការចូលរួម សាមគ្គីគ្នាជាធ្លង់មួយក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យបានកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា កម្មវិធីបុណ្យត្រូវបានឆ្លងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ក្រោម ការចូលរួមរាប់បាត្រពីសំណាក់ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ឋានានុក្រមនិងពុទ្ធបរិស័ទក្នុងខេត្តកែបទាំងមូល៕

ដោយ ប្រាក់ លាង