មន្រ្តីអាជ្ញាធរអប្សរាអះអាងថា តំបន់អង្គរអាចនឹងប្រឈមបញ្ហាកង្វះទឹកនារដូវប្រាំងឆ្នាំនេះ

AKP សៀមរាប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្រ្តីជំនាញគ្រប់គ្រងទឹកនៅនៃអាជ្ញាធរជាតិអប្សរាអះអាងថា តំបន់អង្គរអាចនឹង ប្រឈមបញ្ហាកង្វះទឹកនារដូវប្រាំងឆ្នាំនេះ ខណៈដែលបរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង កំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិ អប្សរាធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង កំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថា ពីមូលហេតុ នៃការខ្វះខាតទឹកដើម្បីបញ្ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ ខាងជើងនេះ គឺដោយសារនាយកដ្ឋានទឹកបានបើកទ្វារទឹកដើម្បីបញ្ចូ លទឹកទៅស្ទឹងព្រះ ស្រុកសម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិកតាចំនួនពីរលើក គឺលើកទី១ រយៈពេលពីរសប្តាហ៍ និងលើកទី២រយៈពេលមួយសប្តាហ៍ចេញពីប្រឡាយ ស្តុកទឹកបម្រុងសម្រាប់បញ្ចូលទៅក្នុងបារាយណ៍ខាងជើង កសិន្ធុក្រុងអង្គរធំ កសិន្ធុប្រាសាទអង្គរវត្ត។  ម្យ៉ាងវិញទៀត បច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុងក៏ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាបដែលហូរពីភ្នំគូលែនតិចតួចពេក ហើយ ក្រុមការងារក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាបផងដែរ។

លោកបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន កម្ពស់ទឹកបច្ចុប្បន្ននៅបារាយណ៍ខាង ជើងមាន កម្រិតទាបជាង០,៨ម៉ែត្រ (ប្រហែលជា២,៦លានម៉ែត្រគុប) កសិន្ធុក្រុងអង្គរធំទាប ជាង០,៩៣ម៉ែត្រ (៦៥ម៉ឺនម៉ែត្រគុប) និងកសិន្ធុប្រាសាទអង្គរវត្តទាបជាង០,៤ម៉ែត្រ (៣៨ម៉ឺនម៉ែត្រគុប)។ ជាសរុបយើងបានបាត់បង់ទឹកប្រហែលជា៣,៦៣លានម៉ែត្រគូប ដែលនេះជាចំណុចក្រុមការងារកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកក្នុងអាងស្តុក ទឹកទាំងនេះ។ ទោះជាយ៉ាងណា ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរ នឹងពុំមានបញ្ហាឡើយ។

លោកបានបញ្ជាក់ថា ពេលនេះក្រុមការងារកំពុងមមាញឹកក្នុងការស្តារប្រឡាយ និងបិទទ្វារទឹកពីស្ទឹងសៀមរាប ដើម្បីបញ្ចូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំ ប្រាសាទអង្គរវត្ត ចៀសវាងរីងស្ងួតនាពេលខាងមុខនេះ។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលបានបិទទំនប់កាត់ប្រឡាយស្ទាក់ទឹកសម្រាប់ទុកប្រើប្រាស់ សូមបើក ឡើងវិញ ដើម្បីកុំឱ្យមានការលំបាកដល់ការបញ្ចូលទឹកទៅក្នុងកសិន្ធុប្រាសាទនៅ ក្នុងតំបន់អង្គរ៕

ដោយ ឃុត សៅ