ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជានៅស្រុកគូលែន

AKP ព្រះវិហារ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ -ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ ទីជិតទីឆ្ងាយមកចូលរួមក្នុងពិធីបុណ្យមាឃបូជានៅវត្តពោធិ៍៥.០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា ឬ ​ចេញ​វស្សា​ ។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រម្លឹក​ដល់​ថៃ្ង​ដែលព្រះសម្មា សម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នៅក្នុង​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ឆ្នាំមុន​គ្រិស្តសករាជ នា​ថៃ្ងទី១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​រយៈពេល ៩ខែគត់ ។ ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​ ធ្វើ​ឡើង​ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១.២៥០អង្គ ជា​សមាជិកក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ ។ នៅ​ក្នុង​មហាសន្និបាត​ ព្រះសម្មាសម្ពុទ្ធទ្រង់​បាន​ប្រកាស​នូវ​គោល​ការណ៍ចំនួន​ ១១ប្រការ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា ឱវាទ​បាដិមោក្ខសម្រាប់​ឱ្យ​សមាជិក​មហាសន្និ បាតទាំង​អស់ប្រ​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅធ្វើការផ្សព្វផ្សាយដល់​ជន​​ដទៃ​ទៀត ឱ្យ​បាន​យល់​ពីពុទ្ធសាសនា ។

ឯកឧត្តមអភិបាលខេត្តបន្តថា គោល​បំណង​របស់​របស់ព្រះពុទ្ធសាសនា ​ក៏​ដូច​ជាគោល​បំណង​របស់ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា ​សភាវ​ប្រាស​ចាកទុក្ខ ​មិន​មានសេចក្តី​ទុក្ខ មិន​មាន​បញ្ហានៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​នឹង ពាក្យ​ថា សន្តិ ដែល​ប្រែ​ថា សេច​ក្តី​ស្ងប់ ។ គោល​បំណងរបស់​ព្រះពុទ្ធសាសនា គឺជា​ការ​បង្កើត​ឡើង​នូវ សន្តិភាពក្នុង​ដួង​ចិត្ត​ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃសន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផងដែរ ។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់សន្តិភាព​សង្គម និង​ពិភព​លោក ជា​កាតព្វ​កិច្ចដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​ឱ្យ​បានសម្រេច នូវ​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិះ​ដៀល​អ្នក​ដទៃ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និ ង​ស្គាល់​ប្រមាណ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឱ្យ​ចិត្ត​មាន​សមាធិជាដើម ។ ហេតុនេះសង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ពី​ថៃ្ង​មាឃបូជា​នេះ និង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រម្លឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើតព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិតដ៏ថ្លៃថ្លា​ដល់​​យើង​គ្រប់រូប និងជីវិតដែលរស់នៅលើផែនដី ៕

ដោយ ទិត ស្រ៊