រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តស្វាយដង្គំ ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ្ធនៅទូទាំងប្រទស បានប្រារព្ធពិធី បុណ្យមាឃបូជានោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ព្រមទាំងលោកយាយ សីលវត្តី ពេន យុត ប្រធានសីលវត្តី វត្តស្វាយដង្គុំ បានប្រារព្ធរៀបចំពិធីបុណ្យ មាឃបូជា នារសៀល ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីអារាម វត្តមង្គលវ័ន ហៅ ស្វាយដង្គុំ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។

បើតាមឯកសារ បានឱ្យដឹងថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើង ដើម្បីរម្លឹកដល់ថៃ្ង ដែល ព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាល ពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ ដឹងរបស់ ព្រះអង្គចំនួន ៩ ខែគត់ ។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈ ជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុង ចំណោម ព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្ត មកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មា សម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឱ្យបានយល់ ពីព្រះពុទ្ធសាសនា។

ជាមួយគ្នានេះដែរ ការប្រារព្ធពិធីមាឃបូជាគឺបានប្រយោជន៍ ដូចជា ពុទ្ធសាសនិកជន បានយល់ដឹងយ៉ាងត្រឹមត្រូវ ពីសារៈសំខាន់នៃថ្ងៃមាឃបូជានេះ យល់ដឹងគុណធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។ ការបណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ និងបានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ ជាពិសេសបានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថិរចេរកាលយូរអង្វែង។

ជាមួយគ្នានេះដែរ សម្រាប់ថ្ងៃមាឃបូជា ចាត់ជាគ្រឿងពិសោធន៍ និងវាស់វែងគុណភាព នៃពុទ្ធសាសនិកជន ឱ្យឃើញថា បុគ្គលណា ជាពុទ្ធសាសនិកជនសកម្ម ឬអសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវប្រងើយ កន្តើយនឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈ ពុទ្ធសាសនិកជនរបស់ខ្លួនឱ្យសកម្មឡើង តារយៈការធ្វើដំណើរទៅកាន់វត្ត ឬមណ្ឌលពុទ្ធ សាសនា មិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិត ផ្នែកចិត្ត វិញ្ញាណ របស់ខ្លួនឱ្យប្រសើរឡើង តាមគោលការណ៍ចំណុចទី២ថា ធ្វើអំពើល្អឱ្យដល់ ពោល គឺ បណ្តុះចិត្តឱ្យស្ថិត ក្នុងបុណ្យកុសលនោះឯង៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា