អភិបាលរាជធានីភ្នំពេញ បន្ដគាំទ្រធ្វើជាដៃគូចំពោះវិស័យឯកជន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ -ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា បន្ដគាំទ្រនិងការពារជានិច្ចធ្វើជាដៃគូដ៏ល្អចំពោះវិស័យឯកជន ផ្នែកឧស្សាហកម្ម សំណង់  ដើម្បីអភិវឌ្ឍន៍សង្គមជាតិឱ្យមានការ រីកចម្រើនទៅថ្ងៃអនាគត ។ ឯកឧត្ដម បានប្រកាសបែបនេះ ខណៈធ្វើជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប ៥ឆ្នាំនៃការដាក់ឱ្យដំណើរ ការរោងចក្រ Phnom Penh precast plants ផ្នែកសំណង់ ផលិតបង្គោលភ្លើង លូ គ្រឹះបេតុង និងគ្រឿងសំណងជាច្រើនមុខទៀត ដែលមានទីតាំងស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា សូមចូលរួមគាំទ្រ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Phnom Penh precast plantsដែលបានបណ្ដាក់ ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យឧស្សាហកម្មសំណង់និងការអភិវឌ្ឍផ្នែកសាធារណៈក៏ដូចជា វិស័យឯកជននៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការរួមចំណែកក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជនអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ការជួបជុំគ្នាពេលនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវការចូលរួមអបអរសាទរខួប ៥ឆ្នាំនៃការដាក់ដំណើរការរោងចក្រ Phnom Penh precast plants និងគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក នៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្តនិងជំនឿជឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿនសមស្របទៅនឹងការកើនឡើង នូវចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់ តែស៊ីវិល័យបន្ថែមទៀត។

ឯកឧត្ដមឃួង ស្រេង បានបន្ដថា នាពេលបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងព្រះរាជណាចក្រកម្ពុជា បាននិងកំពុងរីករាយទទួលនូវមនុញ្ញផលនៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើមូលដ្ឋានសសរស្តម្ភទាំងបួននៃកំណើន រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងទេសចរណ៍ ដែលជារបៀបវារៈ នៃការអភិវឌ្ឍនិងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧ភាគរយ ។

ជាការពិតណាស់សេដ្ឋកិច្ចកម្ពុជានៅមានសក្ដានុពលរីកលូតលាស់និងមានកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មលើវិស័យជាច្រើនដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពេលបច្ចុប្បន្នគឺមានសុខសន្តិភាពពេញបរិបូណ៌ដែលជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់និងអតិផរណាទាប។ ជាក់ស្តែងនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទប់ស្កាត់និងបញ្ចៀសបានយ៉ាងជោគជ័យនូវការប៉ុនប៉ងធ្វើបដិវត្តពណ៌នៅកម្ពុជាដែលអាចបង្កឱ្យគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងបង្កើតសោកនាដកម្មដ៏ខ្មៅងងឹតមកលើប្រជាជាតិខ្មែរដូចពីអតីតកាលបញ្ចប់របបប្រល័យពូជសាសន៍ប៉ុលពត។  ព្រះរាជាណាចក្រកម្ពុជា រក្សាការពារបាននូវស្ថិរភាពនយោបាយ សង្គម ឯករាជ្យ អធិបតេយ្យភាពជាតិ និរន្តរភាពនៃស្ថាប័នជាតិ ការអនុវត្តច្បាប់ និងការការពារបានរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយផ្ដល់ឱកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច អាចធ្វើដំណើរទៅមុខជាធម្មតា។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្ដូរប្រាក់មានស្ថិរភាព បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់នៅទូទាំងប្រទេស ទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងកម្មករនិយោជិតក្នុងវិស័យឯកជន កាន់តែមានឱកាសក្នុងការស្វែងរកការងារធ្វើព្រមទាំងបានបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរ៕

ដោយ សួស សំរិត