សម្ដេចតេជោ ហ៊ុន សែន ទទួលជួបប្រធានក្រុមហ៊ុនច្បាប់ Duane Morris LLP

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យលោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធាន​ក្រុម​ហ៊ុន​ច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ចូលជួបសម្ដែងការគួរសម នាព្រឹក​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង ក្រោយពី​ជំនួប​នោះ​ថា​ នៅក្នុងជំនួបនោះ ​លោកម៉ាត់ធ្យូ បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន ដន ម៉ូរីស មាន​អា​យុ​​កាល១១៥ឆ្នាំហើយ ដោយបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) ​សហរដ្ឋ​អាម៉េរិក មានសាខា៣០ និងមានសមាជិកមេធាវីប្រមាណ៨០០នាក់។ លោកបានបន្តថា ដំ​ណើ​​រទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួម កិច្ចប្រជុំកំពូលមេធាវី​អា​ស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺ​បាននាំឱ្យប្រតិភូមេធាវីរបស់ លោក និងមេធាវី​ដទៃ​ទៀ​ត បានស្គាល់ពីកម្ពុជាផង។ លោកបានបន្ដថា គណៈប្រតិភូ របស់លោកបានរំជើបរំជួលយ៉ាងខ្លាំង នៅពេល​បាន​ទស្សនា ប្រាសាទអង្គរវត្ត នៅខេត្តសៀម​រាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជា​មួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយ ​ពីប្រជាជនកម្ពុជា បានធ្វើឱ្យប្រតិភូរបស់លោក មាន​ការសប្បាយរីករាយយ៉ាងខ្លាំង។ ​លោក ក៏បានលើកឡើងផងដែរថា លោកក៏មាន​ភា​ព​​រំជើបរំជួល នៅពេលដែលបានមកឃើញព្រះរា ជាណាចក្រកម្ពុជា គឺជាប្រទេស​ដ៏ស្អាតល្អ​មួ​យ។ ​លោកម៉ាត់ធ្យូបានបន្ថែមថា ការចូលរួមកិច្ច​ប្រជុំកំពូលមេធាវីអាស៊ីនៅ​​កម្ពុជានេះ គឺដើម្បីឈ្វេងយល់អំពីកម្ពុជា ឱ្យកាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណា ឱ្យមេធាវីរបស់​លោ​ក អាចជួយផ្ដល់សេវាកម្មមួយ ដ៏មានប្រសិទ្ធភាព និង តម្លាភាព ដល់អតិថិជន ដែលមក​ធ្វើវិ​និយោគនៅកម្ពុជា។​ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលជាង​៤០ឆ្នាំជាងកន្ល​ង​មក​​នេះ កម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង នៅពេលនេះកម្ពុជា កំពុងតែ ប្រឈមនឹង​ការស្ទះ​ចរា​ចរណ៍ផង និងការគ្រោះថ្នាក់ចរាចរណ៍ផង។ ប៉ុន្តែបើយើង​មើលទៅ​លើទៅ៤០ឆ្នាំមុន កម្ពុ​ជា​ជាពិសេស ​​នៅទីក្រុងភ្នំពេញ​​ សម្ដេចផ្ទាល់បានជួបប្រជាជនតែ៧០ នាក់ប៉ុណ្ណោះ។

សម្ដេចតេជោបានបន្ដថា រហូតមកដល់បច្ចុប្បនេះ កម្ពុជា​បានជម្នះលើបញ្ហាជា​ច្រើន ហើយកំពុងតែប្រឈម​នឹ​ង​បញ្ហាជាច្រើនផងដែរ។ ក្នុងន័យនេះ សម្តេចបានស្នើឱ្យប្រតិភូ លោកម៉ាត់ធ្យូ រួមជាមួយ​នឹង​លោក​ម៉ាត់ធ្យូផ្ទាល់ ​ពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយ​​បានដល់កម្ពុជា។  សម្ដេច​តេ​​​ជោ​នាយករដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូរបស់លោកម៉ាត់ធ្យូ ដែរថា កាលពី​ដើមឡើយ កម្ពុ​ជា​​មិនអនុញ្ញាតឱ្យជនបរទេស មកបង្កើតក្រុមហ៊ុនមេធាវី នៅ​កម្ពុជានោះទេ។ ប៉ុន្តែនៅ​ពេល​នេះ​ ស្របទៅតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់​នោះ​​ហើយៗ វត្តមានរបស់មេធាវីបរទេសនៅកម្ពុជា ក៏ជា​ចំណែកមួយ ដែលជាការលើក​ទឹ​ក​ចិ​ត្ត​ និងជំនឿចិត្តរបស់វិនិយោគិន មកកាន់ព្រះរាជាណា​ចក្រកម្ពុជាផងដែរ។ សម្ដេចតេជោក៏​បាន​មាន​ប្រសាសន៍បញ្ជាក់ប្រាប់ណៈប្រតិភូដែរ អំពីអ្វី​ដែលសម្តេច​បាន​សម្រេច​កាល​ពីម្សិល​មិ​ញ​ គឺបញ្ហាពាក់ព័ន្ធទៅនឹងការការពារស្ត្រី ដែលកន្លង​មកមានករណីមួយចំនួន ដែលពុំ​បាន​ធ្វើ​ការ​កាត់ក្តី ដោយសារការកង្វះមេធាវីផង ឬក៏កង្វះៗ អ្វីដទៃទៀតផងនោះ។ សម្ដេចតេជោក៏បានលើកឡើងទៀតថា សម្ដេចនឹងរៀបចំឱ្យមានប្រតិ ភូមេធាវីមួយ ដើម្បីជួយការពារស្ត្រី ដើម្បីជំរុញធ្វើ​យ៉ាង​ណាឱ្យស្ត្រីកម្ពុជា បានទទួលការកាត់ក្តី ឱ្យបានលឿនជាទីបំផុត ចៀសវាងការឃុំខ្លួន​លើ​ស​​ពេលវេលា។ ករណីនេះផងដែរ សម្ដេច តេជោក៏បានបន្ថែមផងដែរថា ការ​បង្កើត​មេ​ធា​វី​នេះ គឺមានប្រមាណ៥០នាក់ ហើយក្នុង៥០​នាក់នេះ អាចបែងចែក២នាក់ក្នុងមួយខេត្ត។  សម្ដេចតេជោបានអះអាងថា ការការពារក្តីនេះ មិនកំណត់ឱ្យ​ការ​ពារតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងទៀត ដែល​ធ្វើយ៉ាងណាជួយ​ឱ្យសង្គមកម្ពុជា មាន​យុត្តិធម៌ ចំពោះប្រជាជន និងជាប្រទេសមួយ ដែលអនុវត្តន៍តាមនីតិរដ្ឋ។ ក្នុងន័យនេះដែរ ស​ម្តេចតេជោបានស្វាគមន៍ ចំពោះមេធាវី និងប្រទេសជាតិ ដែលមានបំណង ចង់ចូលរួម ជា​មួ​យ​​នឹងបញ្ហានេះ៕

ដោយ ជឹម ណារី