សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសម្ពោធកាត់ឫសសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តរវៀងជុំ ស្ថិតក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ — ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តរវៀងជុំ​(ហៅវត្តអណ្ដូងរវៀង) ស្ថិតក្នុង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយពីបានដំណើរការសាងសង់រួចរាល់ ត្រូវបានរៀបចំពិធី​បុណ្យ​បញ្ចុះ​ខ័ណ្ឌសីមា និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ដោយមានការអញ្ជើញចូលរួមពី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ទេសរដ្ឋមន្រ្តី គុយ សុផល ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រង​ខេត្ត ក្រុមប្រឹក្សាស្រុក ព្រមទាំងព្រះសង្ឃ ប្រធានអង្គ ភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទសរុបចំនួន ១.១២៥ នាក់។ ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ១៤ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ២០១៩។លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បានឱ្យដឹងថា ព្រះវហារ និង សមិទ្ធផល​នានាក្នុងវត្តរវៀងជុំ ដែលបាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​ខ័ណ្ឌ​សីមា និង​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់នៅ​ពេលនេះរួមមាន ព្រះវិហាបណ្តោយ២៤×១១ម៉ែត្រ សរុបទឹកប្រាក់៧៤១.៦០០.០០០រៀល កសាង​ផ្លូវបេតុងជុំវិញព្រះវិហារ អស់ទឹប្រាក់៣០.០០០.០០០រៀល កសាងក្លោង​ទ្វារ ០១ អស់ទឹកប្រាក់១៨.៨០០.០០០រៀល ស្រះទឹក ៥០x ៣៥ ម៉ែត្រ ដែលជាព្រះរាជ​អំណោយដ៏​ថ្លៃ​ថ្លា​របស់ព្រះមហាក្សត្រតម្កល់​លើត្បូងអស់ទឹកប្រាក់៥៤.៥០៤.០០០រៀល និងកសាងឧបដ្ឋាន សាលាអស់ទឹកប្រាក់១០៤.៨០០.០០០រៀលសរុប១.២១៩.៧០៤.០០០រៀល។

សម្តចចៅហ្វាវាំង គង់ សំអុល បានថ្លែងនូវ​ការ​កោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបាន​រួបរួមសាមគ្គីគ្នា កសាងបាននូវសមទិ្ធផលជាច្រើន ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។

សម្តេចចៅហ្វាវាំងបានបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧ មករា ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹក​ស្មានមិនដល់ពីទឹក​ដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និងអំពើប្រល័យពូជសាសន៍ បាន ក្លាយមកជាទឹកដីកំពុងមានការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។ សម្ដេចចៅហ្វាវាំងបានបន្ដថា ការរីកចម្រើនទាំងនេះបានដោយសារការដឹកនាំ រាជរដ្ឋាភិបាល ជាពិសេសនយោបាយឈ្នះ-ឈ្នះបានធ្វើប្រទេសជាតិមានស្ថិរភាព សុខ​សន្តិភាព រស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែ​មួយ គឺជាតិ សាសនាព្រះមហាក្សត្រ។

សូមបញ្ជាក់ថា សម្តេចចៅហ្វាវាំងបានបំពាក់គ្រឿងឥស្សរិយយសដល់ព្រះចៅអធិការ​វត្ត ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ជូន​ទេយ្យវត្ថុ​ដល់​លោកយាយលោកតា ៤០នាក់ ដោយម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា ៥០.០០០រៀល។ លោកគ្រូ អ្នកគ្រូ ចំនួន២៣​នាក់ ម្នាក់ៗ ទទួលបានសារុង១ ថវិកា៥០.០០០រៀល សិស្សានុសិស្សចំនួន ៧២៧​នាក់ ក្នុង​ម្នាក់ៗទទួលបានប៊ិច និងសៀវភៅ២ក្បាល ថវិកា៥.០០០រៀល ព្រមទាំងផ្ដល់ថវិកា​កសាងវត្ត​ចំនួន១.០០០ដុល្លារ ។ ទន្ទឹមនេះ អភិបាលខេត្ត និងមន្ត្រីរាជការខេត្តកំពង់ឆ្នាំង  បាន ចូល​បច្ច័យ​កសាងចំនួន២លានរៀលផងដែរ៕

ដោយ បៃ ស៊ីថុន