ជប៉ុន ចាប់ផ្តើមបើកទីផ្សារទទួលយកពលករពីកម្ពុជា និងបណ្តាប្រទេសជាដៃគូនានា នាខែមេសាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា  និងបណ្តាប្រទេសនានា ជាដៃគូរ ដើម្បីបម្រើការងារ នៅក្នុងប្រទេសជប៉ុន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងារជាមួយឯកឧត្តម HORINOUCHI HIDEHISA ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង​សហប្រតិ​បត្តិការ​រវាងកម្ពុជា-ជប៉ុនស្តីពី“ពលករជំនាញ” កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការ​ក្រសួង​ការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងលើប្រព័ន្ធថ្មី របស់ជប៉ុននេះ គឺដើម្បី ទទួលពលករ​កម្ពុជាឱ្យទៅធ្វើការនៅជប៉ុនជាលក្ខណៈពលករពេញសិទ្ធិ មិនមែន ជាកម្មសិក្សាការីដូចមុន ទៀតទេ។ ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធថ្មីនេះត្រូវអនុវត្តន៍ចាប់ពីខែមេ សា ឆ្នាំ ២០១៩ តទៅ ហើយការបញ្ជូនពលករដែលមានជំនាញខ្ពស់ទៅធ្វើការនៅក្នុងប្រទេសជប៉ុន តាមកំណែ ទម្រង់ច្បាប់ថ្មីរបស់ជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្ដីបន្ដថា “នេះជាឱកាសថ្មីមួយដែលជប៉ុន បើក​ទូលាយក្នុងការទទួលយកពលករពេញសិទ្ធិពីកម្ពុជា ក៏ដូចជាពីបណ្តាប្រទេសជាដៃគូនានា ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន”។ ឯកឧត្តមបានបន្ដទៀតថា ការធ្វើច្បាប់ថ្មីរបស់ជប៉ុននេះ ក៏ដើម្បីបំពេញតម្រូវការដែលកំពុងខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុនដែរ  ជាពិសេស ការចុះកិច្ចព្រមព្រៀងនេះ ក៏ជាឱកាសសម្រាប់ប្រទេសកម្ពុជា​និងបណ្តាប្រទេសនានា​ក្នុងការ​បញ្ចូន​ពលករក្នុងការទទួលបានការងារក៏ដូចជាហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ដែលមានកម្រិត ខ្ពស់នៅក្នុងប្រព័ន្ធការងារនៅក្នុងឧស្សាហកម្មនៅប្រទេសជប៉ុនផងដែរ។

ឯកឧត្តមបានលើកឡើងថា ដើម្បីអនុវត្តន៍កិច្ចការនេះ ភាគីជប៉ុនបានលើកឡើងពីប្រព័ន្ធថ្មី នឹងចាប់អនុវត្តន៍ចាប់ពីខែមេសា ឆ្នាំ២០១៩តទៅ ខណៈដែលកន្លងមកប្រទេសទាំងពីរ បាន ធ្វើការជាមួយគ្នាដើម្បីរៀបចំអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាទាក់ទងនឹងការជ្រើសរើសបណ្តុះបណ្តាលនិងបញ្ជូនពលករទៅប្រទេសជប៉ុន។

ឯកឧត្តមបានពន្យល់បន្ថែមថា ចំពោះពលករទៅធ្វើការនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីចុះកិច្ច ព្រមព្រៀងទៅគឺស្ថិតក្នុងកម្រិតជាពលករជំនាញមិនដូចមុនទេគឺជាកម្មសិក្សាការី ហើយកម្ម​សិក្សាការីខុសពីពលករគឹកម្មសិក្សាការីទទួលបានប្រាក់ខែតាមកម្មសិក្សាការី។ចំណែកពលករ ​​វិញ ទទួលបានប្រាក់ខែខ្ពស់ជាងកម្មសិក្សាការី។ជាងពលករត្រូវចេញភាសាជប៉ុន និងជំនាញ ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងដែលប្រទេសជប៉ុន បានផ្តល់ ឱកាសការងារដល់ប្រជា ពលរដ្ឋកម្ពុជា តាមរយៈការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែល អនុញ្ញាតិឱ្យពលករអាចដាក់ ពាក្យទទួលបានទិដ្ឋាការកាងារ (Working Visa)  ដែលពីមុន ពលករទទួលបានត្រឹមតែជា កម្មសិក្សាការីប៉ុណ្ណោះ។  ឯកឧត្តមបានចាត់ទុកប្រព័ន្ធថ្មីនេះ នឹងផ្តល់ឱកាសដល់ពលករកម្រិតជំនាញ និងកម្រិត បច្ចេកទេស  អាចចូលទៅបំពេញ តម្រូវការកង្វះខាតកម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។

ជាមួយគ្នានេះ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨កន្លងមក កម្ពុជាបានបញ្ជូនកម្មសិក្សាការីសរុប ជាង​៩.០០០​នាក់ ដែលបានទៅធ្វើកម្មសិក្សានិងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗ ទទួល​បានប្រាក់​ឈ្នួលជា មធ្យម ប្រមាណ១.៥០០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែ។

សូមបញ្ជាក់ថា ភាគីទាំងកម្ពុជា និងជប៉ុន បានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជន​កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ គ្រោងនឹងដឹកនាំគណៈប្រតិភូ​កម្ពុជាទៅចូលរួមពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) នៅទីក្រុងតូក្យួ ក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ប៊ុន រិទ្ធ