រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — នារសៀលថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងផ្សព្វផ្សាយលិខិតលេខ ០២ សនណ ចុះថ្ងៃ០៩ កក្កដា ឆ្នាំ២០១៨ , និងសសរ ០៩០ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំផ្តោតសំខាន់ ដើម្បីសម្របសម្រួល តាមដានបញ្ហាប្រឈម ក្នុងការអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាល និងការចូលរួមចែករំលែកបទពិសោធន៍ប្រកប ដោយប្រសិទ្ធភាព ផ្អែកលើអភិបាលកិច្ចល្អ សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមដានបញ្ហាប្រឈម ការលំបាក ក្នុងការអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាលប្រកប ដោយប្រសិទ្ធភាព ផ្អែកលើអភិបាលកិច្ចល្អ នឹងការងារប្រ ឡងប្រណាំងលើកកម្ពស់ស្វ័យភាព គណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ច។ លើកកម្ពស់ ការគ្រប់គ្រងការងារកំណែទម្រង់អភិបាលកិច្ចល្អ ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ការផ្តល់សេវា និងការអភិវឌ្ឍ មូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភាពជាដៃគូជា មួយសង្គមស៊ីវិល និងវិស័យ ឯកជននានា។ អនុវត្តន៍សកម្មភាព និងអនុសកម្មភាពធនធាននានា តាមតារាងលម្អិត និងផែនការសកម្មភាពថវិកាឆ្នាំ២០១៩ របស់ស្ថាប័នអនុវត្តន៍ស្របតាមកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០។

លោក ឈិន សេងងួន បន្តថា ស្ថាប័នអនុវត្តន៍ទាំងអស់ត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវស្របតាមនីតិវិធី លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែ នាំពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ដោយរៀបចំតារាងសកម្មភាព ពិនិត្យ តាមដាន និងរៀបចំរបាយការណ៍នៃសកម្មភាពអភិវឌ្ឍន៍ហិរញ្ញវត្ថុទាន់ពេលវេលា ស្របតាមតម្រូវការ និងលិខិតបទ ដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ៕

ដោយ ងូ សុមុនី