ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឱ្យសាខាធនាគារជាតិខេត្តស្វាយរៀង បន្តពង្រឹងការ អនុវត្តច្បាប់ និងបទបញ្ញត្តិរបស់គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុនានានៅក្នុងខេត្ដ

AKP ស្វាយរៀង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានស្នើឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងបន្ត ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិរបស់គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានជនបទនានា ក៏ដូចជាជាសកម្មភាពខុសច្បាប់របស់ជនខិលខូច​និងអ្នករកស៊ីចងការប្រាក់មិនមានច្បាប់ អនុញ្ញាតត្រឹមត្រូវមួយចំនួននៅក្នុងខេត្ដឱ្យបានច្បាស់លាស់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាខាធនាគារជាតិនៃកម្ពុជា ខេត្ដ ស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជាបានមានប្រសាសន៍ណែនាំដល់ឱ្យមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ត្រូវបន្តអនុវត្តន៍មុខងារ ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ​មានភាពស្មោះ ត្រង់ រក្សាសម្ងាត់របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ រក្សាការសម្ងាត់វិជ្ជាជីវៈ ជូនដល់​អតិថិជន ដោយខិតខំអភិវឌ្ឍន៍ខ្លួនឯង និងបន្តស្មារតីសាមគ្គី និងសហការគ្នាល្អជាប្រពៃណី។

ឯកឧត្តមទេសាភិបាលបានលើកឡើងថា ការសាងសង់អគារនេះ គឺដើម្បីឆ្លើយតបទៅ នឹងការអភិវឌ្ឍន៍រីកចម្រើននៃសេដ្ឋកិច្ចនៅខេត្តស្វាយរៀង តម្រូវការចាំបាច់ក្នុងការគ្រប់គ្រង និងសម្រស់សម្រួលប្រតិបត្តិការរូបិយវត្តុ ក៏ដូចជាការជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យ​កាន់តែ​ទូលំទូលាយថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលថ្មីនេះ មិនត្រឹមតែបង្ហាញពីការ​អភិវឌ្ឍ​រីកចម្រើននូវប្រព័ន្ធធនាគារនៅខេត្តស្វាយរៀងប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការ​អភិវឌ្ឍកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល និងបង្កើន សោភណភាពក្រុងស្វាយរៀងឱ្យកាន់តែស្រស់ស្អាតថែមទៀតផងដែរ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀងបានសម្ដែងការអបអរសាទរ និងបាន​ចាត់​ទុកសមិទ្ធផលថ្មីនេះ វាមិនមែនគ្រាន់តែបញ្ជាក់ពីការរីកចម្រើន និងការធំធាត់របស់វិស័យ ធនា​គាររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈអគារសាខាធនាគារជាតិនៃកម្ពុជាក្នុងខេត្ដ ស្វាយរៀងនេះ ក៏បានរួមចំណែកដល់ការលើកស្ទួយមុខមាត់ទឹកដីខេត្ដ ឱ្យកាន់តែស្រស់​ត្រកាលថ្មី​មួយកម្រិតថែមទៀត។ ឯកឧត្តមអភិបាល ខេត្ដបានគូសបញ្ជាក់ថា ពេលបច្ចុប្បន្ន​នេះខេត្ដមានគ្រឹះស្ថានធនាគារហិរញ្ញវត្ថុដែលកំពុងបម្រើ​សេវាជូន​ដល់ប្រជាពលរដ្ឋនៅ​ក្នុងការ​រួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តសរុបទាំងអស់គឺមានចំនួន៧៥គ្រឺះស្ថានមីក្រូហិ រញ្ញវត្ថុ។

លោក ជូ គឹមជរ នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀងបានឱ្យដឹងថា អគារថ្មីនេះ មានរាងជាចតុកោណ សាងសង់ឡើងតាមបែបស្ថាបត្យកម្មជំនាន់ខ្មែរ-បារាំងដែល នៅជាន់ផ្ទាល់ដីមាន ការិយាល័យរូបិយវត្ថុ បញ្ជរបេឡា និងឃ្លាំងបេឡា។ លោកបានបន្ដថា នៅជាន់ទី១ មានបន្ទប់ព័ត៌មានវិទ្យា និងសាលប្រជុំហើយនៅជាន់ដំបូល ជាកន្លែងស្នាក់នៅ ហើយទីតាំងអគារនេះ បានរៀបចំបំពាក់សម្ភារ និងប្រព័ន្ធការពារមានសុវត្ថិភាពខ្ពស់ តាមបែប​បច្ចេកវិទ្យាទំនើប ក្នុងនោះរួមមានការបំពាក់ប្រព័ន្ធកាមេរ៉ា សុវត្ថិភាពគ្រប់គ្រងច្រកចេញ ចូល ជុំវិញអគារ នៅតាមបញ្ជរបើក និងបង់សាច់ប្រាក់ ដើម្បីចាប់យករូបភាព ការងារប្រចាំថ្ងៃ និង​ថតចម្លងទុកជាឯកសារដោយស្វ័យប្រវត្តិ។ លោកនាយកបន្តទៀតថា ដោយឡែក ប្រព័ន្ធ​កុំព្យូទ័រ ត្រូវបានបំពាក់ដោយប្រព័ន្ធធនាគារស្នូល ក្នុងការធ្វើប្រតិបត្តិការរបស់សាខា ដោយ បាន​ភ្ជាប់គ្នាជាបណ្ដាញ Network និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Application server (AppServer) ហើយទិន្នន័យត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ ប្រកប ដោយសុវត្ថិភាព និងមានប្រព័ន្ធសង្រ្គោះទិន្នន័យត្រូវបានរក្សាទុកនៅទីស្នាក់ការ ខណៈ​មានអី្វកើតឡើងជាយថាហេតុ៕

ដោយ អ៊ុន រិទ្ធី