ក្រសួងបរិស្ថានប្រកាសថា ស្រុកអូររាំងឪ ក្នុងខេត្តត្បូងឃ្មុំ​ ត្រូវបានជ្រើសរើសជាស្រុកគំរូលើ ផ្នែកអនាម័យ និងបរិស្ថានល្អ​

AKP ត្បូងឃ្មុំ​ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម រ័ត្ន វីរៈ​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានប្រកាសថា​ ស្រុកអូររាំងឳ​ ក្នុងខេត្តត្បូងឃ្មុំ​​ ត្រូវបានជ្រើសរើសជាស្រុកគំរូ ទាំងអនាម័យ និងបរិស្ថាន នៅទូទាំងប្រទេស នាពេលខាងមុខ ហើយទាមទារឱ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋទាំងអស់ រួមគ្នាស្រឡាញ់បរិស្ថាន និងមានអនាម័យ ពិសេសការចោល​ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសដឹកនាំមន្ត្រីសាលាស្រុកអូររាំងឪ កងកម្លាំងប្រដាប់អាវវុធទាំង៣ប្រភេទ សិស្សានុ សិស្ស និងប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញទីប្រជុំជនស្រុក តាមដងផ្លូវ តាមផ្សារ និង​សាលារៀន វត្តអារាម ក្នុងន័យរួមគ្នាដើម្បីលើកកម្ពស់អនាម័យបរិស្ថាន កាលពីព្រឹកថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម រ័ត្ន វីរៈ លើកឡើងថា​ ភាពស្អាត មានអនាម័យ មនុស្សម្នាក់ៗគឺ​អាចធ្វើបាន កុំគិតថាអ្នកមាន ឬអ្នកក្រ ដោយឯកឧត្តមបានពន្យល់ថា ប្រជាពលរដ្ឋ គ្រប់រូបមិន​ថាឋានៈ តួនាទី​ មាន ឬក្រ សុទ្ធតែមានសិទ្ធិ និងតួនាទីស្មើៗគ្នា ក្នុងការស្រឡាញ់ និងសម្អាត​បរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យបន្តមានកម្មវិធី ពញាក់ស្មារតីប្រជាពល​រដ្ឋតាមទី សាធារណៈបែបនេះ​ជាបន្តបន្ទាប់រហូត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ភ្ញាក់​ស្មារតីរួមគ្នាសម្អាតបរិស្ថាន អនាម័យក្នុងផ្ទះយើង ភូមិស្ថានយើង ឃុំយើង ស្រុកយើង ប្រទេស​យើង ដើម្បីសោភណភាព និងសុខភាពយើងម្នាក់ៗ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ អភិបាលស្រុកអូររាំងឪ បានឱ្យដឹងថា អាជ្ញាធរស្រុក រួមជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើការសម្អាតបរិស្ថាននាពេលនេះ គឺជាសារមួយដើម្បីពញាក់ស្មារតី ក៏ដូចជាបំផុសឱ្យប្រជាពលរដ្ឋ រួមគ្នាលើកកម្ពស់អនាម័យ បរិស្ថាន មិនមែនមើលនៅនឹងភ្នែក គឺយកបេះដូងទៅស្រឡាញ់បរិស្ថាន លុបបំបាត់វប្បធម៌ ចោលសំរាមពាសវាលពាសកាល​ នាំគ្នាទុកដាក់សំរាម និងចោលសំរាមឱ្យបានត្រឹមត្រូវ គឺ មានន័យថាអនាម័យផ្តើមចេញពីយើងគ្រប់ៗគ្នា៕

ដោយ អ៊ុន រិទ្ធី