CDC នឹងរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្ដីពីការវិនិយោគ ឱ្យកាន់តែមានភាពទាក់ទាញ និង ប្រកួតប្រជែងខ្ពស់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ — ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា(CDC) នឹងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគ ឱ្យកាន់ តែមានភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ នៅកម្ពុជា។នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ កាលពីព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យកាន់តែ ប្រសើរឡើងនូវបរិយាកាសវិនិយោគក្នុងនោះច្បាប់វិនិយោគមួយ ដែលមានភាពទាក់ទាញ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ គឺជាកត្តាដែលមិនអាចខ្វះបាន ដែល ទាមទារ ឱ្យរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការពិនិត្យឡើងវិញនូវក្របខ័ណ្ឌ គតិយុត្តិ និង រៀបចំច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីឱ្យស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជា ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ឯកឧត្ដមបានបន្ដថា បើទោះជាច្បាប់ស្តីពីវិនិយោគ បច្ចុប្បន្ន មានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ក៏ដោយ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចូលរួម របស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័ន ស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់ គឺពិតជាមានសារៈសំខាន់ ក្នុងការពិភាក្សា ផ្តល់ធាតុចូល និងមតិយោបល់ សម្រាប់ការរៀបចំតាក់តែងច្បាប់ថ្មីនេះ ។

ឯកឧត្តមបានលើកឡើងថា កន្លងមក CDC បានធ្វើការសិក្សា និងទទួលបាននូវធាតុ ចូលមួយចំនួនហើយពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) របាយ ការណ៍ ពិនិត្យឡើងវិញនូវគោលនយោបាយស្តីពីវិនិយោគ នៅកម្ពុជារបស់អង្គការ សម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) អំពីបទពិសោធន៍ និងឧត្តនវានុវត្តន៍ នៃការរៀបចំច្បាប់វិនិយោគរបស់បណ្តាប្រទេសនានា នៅក្នុងតំបន់។

ជាមួយគ្នានេះដែរ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និង ក្រុមប្រឹក្សាផ្នែកច្បាប់បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំសេចក្តីព្រាង ច្បាប់ថ្មីស្តីពីការវិនិយោគ និងបានផ្តល់ធាតុចូលបឋមមួយចំនួន ព្រមទាំងបានសន្យាផ្ញើនូវមតិ យោបល់ និងធាតុចូលបន្ថែមទៀតមកCDC វិញក្នុងពេលដ៏ឆាប់ខាងមុខនេះ ។

ឯកឧត្តម សុខ ចិន្តាសោភា បង្ហាញក្ដីរំពឹងថា ការបន្តចូលរួមសហការយ៉ាងស្វិតស្វាញ ពីគ្រប់តួអង្គពាក់ព័ន្ធច្បាប់ថ្មីស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា នឹងលេចចេញជា រូបរាង នាពេលអនាគតដ៏ខ្លីខាងមុខ ដែលនឹងទទួលបាននូវការសារទរពីអ្នកវិនិយោគក្នុងស្រុក និង បរទេស។

គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើត ឡើងជាលើកដំបូង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលបានអនុម័ត និងដាក់ ឱ្យអនុវត្តន៍ ចាប់ពីឆ្នាំ១៩៩៤មក បន្ទាប់មកត្រូវបានធ្វើវិសោធនកម្ម នៅឆ្នាំ២០០៣ ដើម្បីឱ្យស្របទៅតាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា៕

ដោយ ម៉ៅ ចរិយា