កម្ពុជា អាម៉េរិក និង​ជប៉ុនរួម​គ្នាវិនិយោគសាងសង់ជលវប្បដ្ឋាន ត្រីទឹកសាប និងទឹកប្រៃ​នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — នៅក្នុង​ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៩នេះ លោក Roger Reynolds ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអីឃ្វារៀម (Angkor Wildlife និងAquarium Co.Ltd) បាន​បង្ហាញអំពី គម្រោងសាងសង់ជលវប្បដ្ឋាន ត្រីទឹកសាប និងទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វ នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។


លោក Roger Reynolds បានបន្តថា គម្រោងនេះ ធ្វើឡើងដោយអ្នកវិនិយោគ៣ ប្រទេសមាន​កម្ពុជា អាម៉េរិក និងជប៉ុន ហើយគម្រោងសាងសង់ជលវប្បដ្ឋាន ត្រីទឹកសាប និងទឹកប្រៃព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រ ដែលប្រឈមនឹងជិតផុតពូជពីភពផែនដីនេះ គ្រោងសាងសង់លើផ្ទៃដីប្រមាណ១០០ហិកតាដោយប្រើប្រាស់ទុនសរុប ៧០លានដុល្លារ អាម៉េរិក។

លោកបានបញ្ជាក់ថា គម្រោងនេះ ត្រូវចែកចេញជាបីដំណាក់កាល ហើយក្នុងដំណាក់ កាលទី១នេះ ប្រើប្រាស់ថវិកា ២០លានដុល្លារ ដែលនឹងគ្រោងបើកការដ្ឋាន ក្នុងខែមីនា ឆ្នាំ២០១៩នេះ នឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០។ បន្ទាប់ពីការអនុវត្តលើគម្រោង ទាំងមូលបានបញ្ចប់នោះ គម្រោងនេះ និងផ្តល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តសៀមរាបនេះ។ ម៉្យាងទៀតគម្រោងនេះ គឺមិនត្រឹមតែធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ គឺផ្តល់នូវការអប់រំដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ អំពីបរិស្ថាន និងការអភិរក្សប្រភពធនធានធម្មជាតិ តាមរយៈការបង្ហាញនូវរូបភាពឯកសារ អំពីប្រភេទមច្ឆា ក្នុងទឹកដ៏កម្រ ដល់សិស្ស និសិ្សត និងប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ដែលបានទៅទស្សនា សិក្សាឈ្វេងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការបង្កើតឱ្យ មានមជ្ឈមណ្ឌលជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សាសត្វនេះ គឺជាសមិទ្ធិផលថ្មីមួយរបស់ខេត្តសៀមរាប សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងធ្វើឱ្យពួកគេស្នាក់នៅក្រុងសៀមរាបបានយូរថ្ងៃផងដែរ។

ឯកឧត្តមបានបន្តថា នៅកម្ពុជា គឺមានត្រីប្រមាណ១ពាន់ប្រភេទ ដែលប្រជាពលរដ្ឋ យើង ក៏ដូចជាភ្ញៀវទេសចរ ពុំដែលបានស្គាល់។ ដូច្នេះឯកឧត្តម គាំទ្រលើគម្រោង ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនៅខេត្តសៀមរាបនេះ ព្រោះបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ មានការងារធ្វើ និងធ្វើឱ្យសិស្ស និសិ្សត រួមទាំងភ្ញៀវទេសចរបានទស្សនា សិក្សាឈ្វេងយល់ អំពីធនធានមច្ឆា ទឹកសាប ក៏ដូចទឹកប្រៃ និងសត្វព្រៃនៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យ ក្រុមហ៊ុនធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ហើយកត្តាសំខាន់នោះ គឺការធ្វើពាក្យសុំច្បាប់សាងសង់ឱ្យ បានត្រឹមត្រូវជាមុន ព្រមទាំងធ្វើការត្រួត ពិនិត្យឡើងវិញ នូវទីតាំងរបស់គម្រោង អំពីទីទួលបុរាណដ្ឋាន ដើមី្បជៀសវាងក្នុងពេលកំពុងដំណើរការសាងសង់ទៅ មានការរំខានធ្វើឱ្យ មានការយឺតយ៉ាវរបស់គម្រោងនេះ៕

ដោយ ឃុត សៅ