រដ្ឋមន្រ្ដីក្រសួងព័ត៌មានជំរុញឱ្យអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ពន្លឿនការប្រមូលឯកសារ ដើម្បីបោះពុម្ពជាសៀវភៅស្ដីពីការអនុវត្ដគោលនយោបាយ ប.ស.ស

AKP  ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្ដម ខៀវ​ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវខិតខំធ្វើយ៉ាងណាប្រមូលឯកសារដែលបានផ្សាយរួចហើយ ទាក់ទងទៅនឹងគោលនយោ បាយ ការអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) សម្រាប់យកមកធ្វើការបោះពុម្ព ជាសៀវភៅទុកចែកជូន​មន្រ្តីរាជការទូទៅ ក៏ដូចជាប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ​ កាញារីទ្ធ បានមានប្រសាសន៍ថា ការបោះពុម្ពជាសៀវភៅទាក់ទងនឹងការអនុវត្ដគោលនយោបាយស្ដីពីបេឡាជាតិរបបសន្ដិសុខសង្គមនេះ គឺដើម្បីឱ្យមន្រ្ដីរាជការ ក៏ដូចជាប្រជាពលរដ្ឋបានដឹងពីសារៈសំខាន់នៃ គោល​នយោបាយនេះ ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ ក្នុងការផ្ដល់ជាប្រយោជន៏ សម្រាប់ មន្រ្តីរាជាការ និង កម្មករ កម្មការិនី តាមបណ្តា រោងចក្រ សហគ្រាស នានា។

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា ក្រុមការ ងារបាននិងកំពុងខិតខំស្រាជ្រាវ ប្រមូលរាល់ឯកសារទាំងអស់ ទាក់ទងទៅនឹងគោលនយោ បាយ ការអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម ដែលមានវាគ្មិនសំខាន់ៗ បានមកចូលរួម ធ្វើការពន្យល់​យ៉ាង ច្បាស់លាស់ពីកិច្ចការងារនេះ ហើយការប្រមូលឯកសារទាំងនេះ ក៏នឹងត្រូវ បញ្ចប់ឱ្យបានឆាប់ រហ័សដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋានទាំងអស់ បង្ហាញពីវឌ្ឍនភាពការងាររួម ដែលជំនាញនីមួយៗសម្រេចអនុវត្តន៍បាន ក្នុងរយៈពេលកន្លង មកនេះ ក៏ដូចជាកំពុងដំណើរការអនុវត្តន៍ ទាំងកិច្ចការងារជាតិ និងជាមួយផ្នែកអន្តរជាតិ ពិសេសការត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ានលើកទី១៦ AMS ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក្រសួងព័ត៌មាន ជាអ្នករៀបចំនៅក្នុងទឹកដីអង្គរនៃខេត្ត សៀមរាប នាអំឡុងខែមិថុនា ឆ្នាំ ២០១៩ ខាងមុខ ។

ទាក់ទងនឹងបញ្ហានេះដែរ មន្រ្តីជំនាញទំនាក់ទំនងការងារអាស៊ាន បានលើកឡើងថា កិច្ចការងារនេះ គឺបាននិងកំពុងដំណើរការទៅមុខ តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថាន តំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា (AIBD) ដោយមានការ អញ្ជើញចូលរួមពីថ្នាក់រដ្ឋមន្រ្តីព័ត៌មានអាស៊ានទាំងអស់ រួមជាមួយរដ្ឋមន្រ្តីព័ត៌មានចិន ក៏ដូចជា​សមាជិករបស់AMS នៅតាមបណ្តាប្រទេសនានា ជុំវិញពិភពលោក នឹងមកចូលរួមក្នុងកិច្ចប្រជុំ​នេះផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងដល់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែង បន្តរៀបចំគម្រោងការងារឱ្យបានច្បាស់លាស់ ពិសេសកិច្ចការងារពិធីការ ការរៀបចំកន្លែង​ស្នាក់នៅរបស់គណៈប្រតិភូទាំងអស់ គម្រោងនៃការចំណាយ និងដំណើរការនៃកិច្ចប្រេជុំ ព្រោះនេះគឺជាការប្រជុំលក្ខណៈអន្តរជាតិ ដែលមានសារៈសំខាន់ និងកម្ពុជាធ្វើជាម្ចាស់ ផ្ទះក្នុងការរៀបចំឱ្យបានល្អបំផុត។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់អំពីផែនការការងារ ដែល ក្រសួងព័ត៌មាន ត្រូវធ្វើគឺដំណើរការនៃកិច្ចប្រជុំអន្តរក្រសួង ក្នុងការពិនិត្យ ពិភាក្សាលើសេចក្តី​ព្រាង​ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន  ដំណើរការនៃការរៀបំចំសន្និបាតបូកសរុបលទ្ធផលការ ងារវិស័យព័ត៌មាន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២២ ខែ កុម្ភៈ ខាងមុខនេះ។ ទន្ទឹមនេះ នៅមុន ១ថ្ងៃ នៃអង្គសន្និបាត ក៏មានការរៀបចំជាអង្គសិក្ខា​សាលា ដ៏មានសារៈសំខាន់មួយដែលនិយាយទាក់ទងទៅនឹងប្រធានបទ ទម្លាប់ល្អទាំង៧ របស់អ្នក ដឹកនាំឆ្នើម ដោយមានវាគ្មិនជំនាញមកពីសាលាវេសឡាញស៍ ធ្វើការពន្យល់បក​ស្រាយ។ ឯកឧត្តមបានបន្ថែមថា សម្រាប់សិក្ខាសាលានេះ ជាទូទៅនៅពេលដែលគេ​បើកជាសិក្ខា សាលាដូចនេះម្តងៗ សម្រាប់អ្នកចូលរួម ត្រូវបង់ថវិកាប្រមាណ៧៥ដុល្លារ ក្នុងម្នាក់ៗ ប៉ុន្តែ​ ដោយឡែកអ្នកជំនាញលើកិច្ចការងារនេះមកបង្ហាត់បង្រៀននៅក្នុងអង្គ​សិក្ខា​សាលានាទីស្តីការក្រសួងព័ត៌មាន គឺមិនមានការបង់ប្រាក់នោះទេ សម្រាប់អ្នកចូលរួមទាំង​អស់៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា