ក្រុមការងារថែរក្សាបរិស្ថានអនាម័យ នៃរដ្ឋបាលក្រុងសៀមរាប បានបន្តធ្វើការប្រមូលសារាយ ស្លែ និងកូនរុក្ខជាតិតូចៗចេញពីក្នុងស្ទឹងសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមការងារថែរក្សាបរិស្ថានអនាម័យ នៃរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តធ្វើការបាសារាយស្លែនិងកូនរុក្ខជាតិតូចៗមួយចំនួន ដែលមាន នៅក្នុងស្ទឹងសៀមរាប ចាប់ពីចំណុចស្ពានខាងក្រោយអតីតមន្ទីទេសចរណ៍ចាស់រហូតដល់ ស្ពានវត្តរាជបូណ៌។លោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប​ បានឱ្យដឹងថា ដោយសារតែស្ទឹង សៀមរាបជាស្ទឹងធម្មជាតិមានជីវៈចម្រុះ ដូចជា សារាយ ស្លែ និងកូនរុក្ខជាតិតូចៗតែង តែកើតមាន ជាពិសេសនូវពេលទឹកស្ទឹងមិនហូរ ដោយសារតែយើងត្រូវការសន្សំសំចៃទឹក សម្រាប់ប្រើប្រាស់ និងត្រៀមឆ្លើយតប ចំពោះគ្រោះរាំងស្ងួត បើសិនជាកើតមាននារដូវ ប្រាំងខាងមុខនេះ ដែលជាហេតុធ្វើឱ្យសារាយ ស្លែ និងកូនរុក្ខជាតិតូចៗ មានការកើតឡើង ច្រើនធ្វើឱ្យប៉ះពាល់ដល់សោភណភាព​ស្ទឹង។

ពាក់ព័ន្ធនឹងសកម្មភាថែរក្សា បរិស្ថាន អនាម័យ សោភណភាព ដងស្ទឹងសៀមរាប នេះដែរ លោកអភិបាលរងក្រុងសៀមរាបបានបញ្ជាក់ថា ក្រុមការងារ មានផែនការ និងកាល បរិច្ឆេទ ធ្វើសកម្មភាព ច្បាស់លាស់ តាមកាលកំណត់។ ព្រោះការសម្អាតទឹកស្ទឹងនេះមិនអាច​ធ្វើ​តែម្តងចប់នោះទេ គឺក្រុមការងារថែរក្សាបរិស្ថានអនាម័យ នៃរដ្ឋបាលក្រុងសៀមរាប បានបន្តធ្វើជាប្រចាំ៕

ដោយ ឃុត សៅ