ប្រមុខរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

AKP ភ្នំពេញ​ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ -កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ​សម្រាប់ឆ្នាំ២០១​៩​ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១៤កើត ខែ​មា​ឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និង​មាន​ការ​ចូ​ល​​រួមពីតំណាងស្ត្រីមកពីស្ថាប័ន ក្រសួង មន្ទីរ និងបណ្ដាខេត្ត ក្រុងនានា​យ៉ាងច្រើន​កុះ​​ករ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធាន​ក្រុមប្រឹក្សាជាតិ​កម្ពុ​ជាដើម្បីស្ត្រី ថ្លែងថា ការរីកចម្រើនរបស់ស្ត្រីអាស្រ័យដោយគោលនយោបាយ ឈ្នះ ឈ្នះ​បាន​បង្កលក្ខណៈឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី​ស្ត្រី និងក្រសួងកិច្ចការនារី បំពេញតួនាទី និ​ង​ភារ​កិច្ចបានរឹងមាំ ដោយសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល តា​ម​រយៈការអនុវត្តច្បាប់ គោលនយោបាយ វិធានការនានា និងអនុសាសន៍គន្លឹះរបស់សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលនាំឱ្យស្ត្រីបានចូលរួមពេញលេញក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គ​ម​កិច្ច និងកែប្រែស្ថានភាពស្រ្តីកាន់តែប្រសើរឡើងជាលំដាប់។ ចំពោះលទ្ធផលនៃការ​ចុះតាម​ដា​ន និងផ្សព្វផ្សាយលើការអនុវត្តច្បាប់ គោលនយោបាយជាតិ ឯកសារគតិយុត្តពាក់ ព័ន្ធ​នឹង​សិ​​ទ្ធិស្ត្រី អនុសញ្ញាCEDAW និងអនុសាសន៍គន្លឹះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ចំនួន១៣​ខេត្ត បានឆ្លុះបញ្ចាំងលើការអនុវត្តជាក់ស្តែង និងបទពិសោធន៍ល្អៗ ដែលមន្ទីរ អង្គ ភាព ថ្នាក់​ក្រោម​ជាតិសម្រេចបាន និងកំណត់រកបញ្ហាប្រឈមសេសសល់ និងបញ្ហាថ្មីៗរបស់ ស្ត្រី ដើម្បី​រៀប​ចំផែនការអនុវត្តន៍បន្ត។ ក្រសួង ស្ថាប័ន បន្តផ្តល់វគ្គអប់រំបណ្តុះបណ្តាល និង ផ្សព្វផ្សាយ​ច្បា​ប់​ ​គោលនយោបាយ ឯកសារពាក់ព័ន្ធដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្ទីរ អង្គ ភាព អ្នក​អនុ​វត្ត​ន៍ច្បា​ប់ និងមន្ត្រីរាជការវ័យក្មេងមានសរុប ៣០០.១៤៧នាក់ (ស្រី ៨៤.២៣៧ នាក់)។ សកម្ម​ភា​​​ព​ទាំ​​​ងនេះបានបង្កើនការយល់ដឹងកាន់តែទូលំទូលាយនិងកំណត់នូវយុទ្ធ សាស្ត្រថ្មីៗ ក្នុងការលើក​ក​ម្ព​ស់ស្ថាន​ភាពរបស់ស្រ្តីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៤ និងគោល​នយោ​បាយថ្មីៗរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ នៃរដ្ឋ សភា។ ចំពោះស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មរបស់ស្ត្រី មានក្រសួងពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ចចំនួន១១ (ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក្រសួងខ្សាហកម្មនិងសិប្បកម្ម ក្រសួង រៀបចំដែនដី នគរូបនីយ កម្មនិងសំណង់ ក្រសួងរ៉ែនិងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួង បរិស្ថាន ក្រសួងអភិវឌ្ឍន៍ ជនបទ ក្រ​សួ​ងក​សិ​កម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង​ទេស​ចរ​ណ៍ ​និងក្រសួងកិច្ចការនារី សម្រេចបានលទ្ធផលគួរឱ្យ កត់សម្គាល់ក្នុងការ លើក​កម្ពស់ស្ថាន​ភា​ព​​សេដ្ឋកិច្ច ដែលក្នុងនោះ សហគ្រាសធុនតូច និង មធ្យម ផ្នែកកម្មន្តសាល ឆ្នាំ២០១៨ ដែ​ល​បាន​ចុះបញ្ជីស្របច្បាប់មានចំនួន ១៥៦.៨៥៣មូល ដ្ឋាន ក្នុងនោះសហគ្រិនជា ស្ត្រី​មានរ​ហូត​ដ​ល់​ ៨.៥២៨ មូលដ្ឋាន និងកម្លាំងពលកម្មជាស្ត្រី ចំនួន ៩៨.២០៤នាក់ នៃការងារ សរុប ១.១២៣.៣៣៣នាក់។ រោងចក្រចំនួន ១.៥២៨ បាន ចុះបញ្ជីស្របច្បាប់ ដោយបង្កើត ពលកម្មថ្មីចំនួន ៩៧​៣.១២៩នាក់ ក្នុងនោះមានស្រ្តី ៩៥ភាគ រយ។ ក្នុងវិស័យពាណិជ្ជកម្ម ស្ត្រី ជាម្ចាស់ក្រុមហ៊ុន បាន​អភិ​វឌ្ឍន៍ធុរកិច្ចរបស់ខ្លួនមានការរីក ចម្រើនជាលំដាប់ ដោយប្រើប្រាស់បច្ចេកទេសថ្មីៗ សម្រា​ប់អ​ភិវឌ្ឍន៍ផលិផល និងការទំនាក់ ទំនងទីផ្សារ តាមរយៈការចូលរួមតាំងពិព័រណ៍​ផលិតផល​ទាំ​ង​នៅ​ក្នុង និងក្រៅប្រទេស។ ចំពោះលទ្ធផលនៃវិស័យផ្សេងៗទៀត ក៏ទទួលបានលទ្ធផល​គួរឱ្យ​កត់​សម្គាល់ផងដែរ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រ​ចាំ​ឆ្នាំនេះ គឺត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការ​អនុ​វ​ត្តរាល់អនុសាសន៍ទាំងឡាយលើការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការ​ចូល​រួមចំណែក​ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ជាពិសេ​​សការ​ចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕

ដោយជឹម ណារី