រដ្ឋបាលខេត្តរតនគិរីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃការបង្កើតខេត្ត

AKP រតនគិរី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ១៣តើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ឆ្នាំ នៃការបង្កើតខេត្តរតនគិរី ១៧ កុម្ភៈ ១៩៥៩ – ១៧ កុម្ភៈ ២០១៩ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរង្វង់មូលទីប្រជុំជនក្រុងបានលុង ខេត្តរតនគិរី។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ឯឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី ឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភា ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិ  បាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមយុវជនយុវជន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន មាប្រសាសន៍ថា រយៈពេល៦០ឆ្នាំដែលខេត្តរតនគិរី បានបង្កើតដោយបានកាត់ចេញពីខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ទើបតែ   រយៈពេលប៉ុន្មានជាង៣០ឆ្នាំចុងក្រោយនេះ កម្ពុជាទាំងមូលបានស្គាល់នូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិតប្រាកដ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមយើងខ្ញុំជាអ្នកបន្តវេន ប្តេជ្ញារួមគ្នាថែរក្សានូវសមិទ្ធផល និងសន្តិភាពនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងទៅអនាគតបន្តទៀត។

គួរបញ្ជាក់ថា អតីតប្រធានខេត្តរតនគិរី លោកតា អ៊ុង ញ៉ច បានគ្រប់គ្រងដឹកនាំខេត្តក្នុងសម័យសង្គមរាស្ត្រនិយមចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨ ក្រោយមកកម្ពុជាត្រូវធ្លាក់ក្នុងរបប លន់ ណល់ និង ប៉ុល ពត ដែលនាំឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការកាប់សម្លាប់មនុស្សយ៉ាងរង្គាល ៕

ដោយ ណយ នឿន (ប្រភពរដ្ឋបាលខេត្តរតនគិរី)