រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញឱ្យចូលរួមទាំងអស់គ្នាបន្តការពារថែ​រក្សា​សម្បត្តិបេតិកភណ្ឌជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ -រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការ​ក្រើនរម្លឹកគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ឱ្យចូលរួមទាំងអស់គ្នាបន្តការពារថែរក្សានូវសម្បត្តិបេតិកភណ្ឌ​ដែលជាដួងព្រលឹងជាតិបាន​បន្សល់ទុកពីដូនតាឱ្យបាននៅគង់វង្ស។

លោកជំទាវ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងយ៉ាង​ដូច្នេះ ​កាលពីថ្ងៃអាទិត្យ ១៣​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរានហាលក្តាបែនខាងកើត ប្រាសាទបន្ទាយឆ្មារ និងស្ពានឈើមួយកន្លែងសម្រាប់ដើរទស្សនាខាងក្នុងប្រាសាទក្រោមការ ជួយឧបត្ថម្ភថវិការបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ានប្រមាណជាង១៥ម៉ឺនដុល្លារអាម៉េ រិក។

លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការ ចូលរួមថវិកាពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងបងប្អូនជនរួមជាតិ ដែលបានជួយ ជំរុញឱ្យការជួសជុលរានហាលក្ដាបែនប្រាសាទបន្ទាយឆ្មារ ​និង ​ស្ពានក្នុងប្រាសាទ ស្ថិតនៅ ប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្នារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនេះមានភាពប្រសើរឡើង វិញ ក្រោមស្នាដៃកូនខ្មែរដោយមានការផ្តល់បច្ចេកទេសពីមន្រ្តីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ​។

លោកជំទាវរដ្ឋមន្ត្រីបន្តទៀតថា រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារដែលជា ប្រាសាទសម្បូរដោយរូបចម្លាក់ក្បូរក្បាច់រចនាច្រើនទោះបីប្រាសាទនេះមានការបាក់បែកយ៉ាងណាក៏ដោយ។ កន្លងមកនេះប្រាសាទបន្ទាយឆ្មារ បានធ្វើការជួសជុលឡើងវិញដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការជាមួយអង្គការបេតិកភណ្ឌពិភពលោកនិងអង្គការ ដៃគូ​ផ្សេងទៀត។

លោកជំទាវ ភឿង សកុណា ឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទបន្ទាយឆ្មារបច្ចុប្បន្ន នេះ​​ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តបានច្រើនជាបន្តបន្ទាប់ ព្រោះបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានស្ថាបនាផ្លូវក្រាលកៅស៊ូមកកាន់ទីនេះជាមួយការរក្សាបាននូវសុវត្ថិភាពសន្តិសុខយ៉ាងល្អប្រសើរទៀតផងនោះ ​រួមនឹងបរិស្ថានកាន់តែស្អាត និងមានភាពទាក់ទាញសាធារណ ជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ​។

ប្រាសាទបន្ទាយឆ្មារ ជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយ ស្ថិតក្នុងរចនាបថបាយ័ន មានចម្ងាយ ៦៨គីឡូម៉ែត្រ ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះត្រូវបាន​កសាងឡើងកាលពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាល​ព្រះបាទជ័យវរ្ម័ន ទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព ៤នាក់ របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិ ដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទនេះជាតឹកតាង និងជាមេរៀនបញ្ជាក់ពីការហ៊ានតស៊ូលះ បង់របស់បុព្វបុរសខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលយើងជាខ្មែរជំនាន់ក្រោយគួរតែសិក្សា រៀនសូត្រ ៕

ដោយ ឈុន សារ៉ាត