ប្រជាពលរដ្ឋប្រគល់សត្វត្រដក់ដ៏កម្រចំនួន២ក្បាល ដល់មន្រ្ដីអភិរក្សខេត្តមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ — សត្វត្រដក់ចំនួន២ក្បាល ដែលត្រូវបានប្រជាពលរដ្ឋនៅភូមិកោះម្យើល ឃុំណងឃីឡឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានប្រគល់ជូនមន្រ្ដីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារ​បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយ​មន្រ្តីរដ្ឋបាល​ព្រៃឈើ មន្រ្តីស្នងការដ្ឋាននគរបាលខេត្ត និងអង្គការ WWF ជាក្រុមការងារ​ដើម្បីយកទៅ​លែងក្នុង​ព្រៃធម្មជាតិវិញ។ ការទទួលយកសត្វត្រដក់២ក្បាលពីប្រជាពលរដ្ឋខាងលើនេះ   ធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីប្រជាពលរដ្ឋចិញ្ចឹម និងផ្ដល់អាហារដោយពុំដូចគ្នា​នឹង​លក្ខណៈវដ្តជីវិតដែលសត្វស្លាបដ៏កម្រប្រភេទនេះរស់នៅក្នុងព្រៃធម្មជាតិឡើយ។

ជាមួយគ្នានេះដែរ សត្វត្រដក់ទាំង២ក្បាល ដែលស្ថិតក្នុងសភាពញ័រៗ​ហាក់ខ្សោយ​កម្លាំងត្រូវបានមន្រ្តីជំនាញអភិរក្សសត្វព្រៃទទួលយកទៅថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយរង់ចាំមានសុខភាពល្អប្រសើរ ទើបក្រុមការងារយកសត្វត្រដក់ទាំង២ក្បាលនេះ​ទៅ​លែង​ក្នុងព្រៃធម្មជាតិវិញ។

គួររម្លឹកជូនថា សត្វត្រដក់ធំ គឺជាប្រភេទសត្វស្លាបដែលជិតផុតពូជ កំណត់ដោយ ប្រកាសស្ដីពីចំណាត់ថ្នាក់ប្រភេទសត្វព្រៃ ហើយសត្វ​ស្លាប​ប្រភេទ​នេះក៏ស្ថិត​ក្នុង​បញ្ជី​របស់​អង្គការ IUCN ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកល​លោកផងដែរ។

មន្រ្តីជំនាញបានអំពាវនាវ​ដល់ប្រជាសហគមន៍ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ និងនៅក្បែរតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ​បន្ត​កិច្ចសហការ និងគាំទ្រ​ដល់​សកម្មភាព​អភិរក្ស​ ដើម្បី​ការពារ​សត្វ​ស្លាប​សំខាន់ៗ ​និង​កម្រៗ ព្រមទាំង​ជម្រក​ពួក​វា​កុំ​ឱ្យ​បាត់​ប​ង់៕

ដោយ ណយ នឿន (ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)