លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន​ សំអន៖ រាជរដ្ឋាភិបាលគាំទ្រចំពោះការជួប​ជុំគ្នារបស់បង​ប្អូន​សាសនិក ឥស្លាម​ ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗនៅ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាល​ ដែលមាន​ក្រសួងធម្មការ​ និង​សាសនា​ ជាសេនាធិការ​ បានសហការ​ និងគាំទ្រចំពោះការជួប​ជុំគ្នារបស់បងប្អូនសាសនិក​ឥស្លាម​ ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ ​របស់សាសនិកឥស្លាម​កម្ពុជា​ ស្របតាមគោលនយោ​បាយសុខដុមនីយកម្មជាតិ​ និងវប្បធម៌ពហុជនជាតិ​ ដែលមាន​សកម្មភាពយ៉ាងផុសផុល​ និង​សស្រាក់សស្រាំ។​   

ក្នុងពិធីបិទការសូត្រគម្ពី អាល់​គូអានុការីមលើកទី២៨  និងការប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ​ ឆ្នាំ២០១៩ ដើម្បីត្រៀម ជ្រើសរើសបេក្ខភាពទៅ សូត្រគម្ពី ថ្នាក់អន្ដរជាតិ នៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  នារសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៩  លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន​ សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវការពេញចិត្ត​ចំពោះប្រធានបទឆ្នាំនេះ​ “ឥស្លាម​ និង​វប្បធម៌”​ ប្រធានបទទាំងអស់ពិតជាសមស្រប​បំផុត​សម្រាប់​បរិកាសបច្ចុប្បន្ន និងផ្សារ ភ្ជាប់នឹង​គោលនយោបាយដែលត្រូវបានអនុវត្តន៍យ៉ាង​សស្រាក់សស្រាំ និងកំពុងមានចលនាយ៉ាង​ផុសផុល នៅតាម​មូលដ្ឋានគ្រប់ទិសទី នៃប្រទេស​ជាតិយើង។ លោកជំទាវបានបន្ដថា ប្រធាន​បទ​ទាំងនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ​ និងចូល​រួមក្នុងចលនា​​រក្សា​គុណតម្លៃជាតិ ការ​ពង្រឹង  និងពង្រីក​គុណធម៌ និងសីលធម៌ ក្នុងសាសនិក​ឥស្លាម  ការកសាង​មោទនភាពជាតិ នៅមូលដ្ឋាន សហគមន៍​របស់បងប្អូន។ លោកជំទាវបានលើកឡើងថា ការរៀបចំពិធីនេះ ឡើងគឺពិតជាសមស្របបំផុតសម្រា​ប់បរិយាការណ៍បច្ចុប្បន្ន​ ដោយហេតុថា​ដែលពិតជាបង្ហាញ​ពី​គុណធម៌របស់គម្ពីរសាសនាឥស្លាម​ ដែលនឹងត្រូវស្តែង​ចេញ​ជាសកម្មភាពជាក់ស្តែង​ និង​រស់រវើក​ នៅក្នុងសហគមន៍ ឥស្លាម​ ក្នុងការឆ្លើយតបទៅនឹង​បរិបទពិភពលោក​ ជាពិសេសរាជ រដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ​ ដែលតែងតែយកចិត្តទុក ដាក់លើបញ្ហាសីលធម៌​ជាអាទិភាព។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា​ លោកជំទាវបានកោតសរសើរ​ ចំពោះជោគជ័យ​ និង​ លទ្ធផលល្អ​ ដែលសហគមន៍ឥស្លាមទទួលបាន​ ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ​ តំណាង​ឱ្យកម្ពុជាលើឆាកអន្តរជាតិកន្លងមក​ ដែលបានបង្ហាញថា​ កម្ពុជា ពិតមែនតែជា​ប្រទេស​​តូច​ មានសាសនិកឥស្លាមតិចតួចបំផុត​ តែទទួលបានលទ្ធផលល្អ​ អាចប្រជែងជា​មួយ​ប្រទេសធំៗ​ និងមានសាសនិកឥស្លាមជាច្រើន​ ដែលបាចូលរួមសូត្រ។​ លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​ដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស​ ដែលបានខិតខំថែរក្សា​ប្រពៃណី​ដ៏ល្អរបស់ខ្លួន​ ពិសេសការសូត្រគម្ពីរអាល់គួអាន​ ដែលមានការលំបាកបំផុត​ នៅតាម សហគមន៍​ និងគ្រួសារ

ឯកឧត្ដម សុះ កំរី ប្រធានគណៈកម្មាធិការពិធីសូត្រគម្ពីរអាល់គួអានុការីម បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា​ សហការជាមួយ​ ក្រសួងធម្មការ​ និង​ សាសនា​ ដែលបានប្រព្រឹត្តទៅ ក្រោមប្រធានបទ​ “ឥស្លាម​ និង​វប្បធម៌”​ រយ:ពេលពីរថ្ងៃ​ គឺថ្ងៃទី១៦​-១៧ ខែ កុម្ភៈ ឆ្នាំ២០១៩។ ឯកឧត្តមបានបន្ដថា ក្នុងចំណោម​ ករី-ករីអះ​ (បេក្ខជន-បេក្ខនារី)​ ចំនួន​៣៨ ​នាក់​ មកពីរាជធានី ខេត្ត ទូទាំង​ប្រទេស គណ: មេប្រយោគ ក៏បានរកឃើញ​ករី-ករីអះ​ ជ័យលាភីផ្នែកបុរសចំនួន​ ៣នាក់​ និង​ ជ័យលាភីផ្នែក​នារីចំនួន៣នាក់​ គឺផ្នែកបុរស​លេខ១​ បានទៅលើករី ឈ្មោះ​  កៅ អីសា  មកពីខេត្តស្ទឹងត្រែង  លេខ២​ ករីឈ្មោះ​ សុប យ៉ាន អាលី  មកពីខេត្ដក្រចេះនិង​ លេខ៣​  ឈ្មោះ​ លឹម គ្រីយ៉ា ​ មកពីខេត្ត បាត់ដំបង ។ ចំណែកផ្នែកនារី​ លេខ១​ ករីអះ ឈ្មោះ​ ម៉ាន ម៉ារីយ៉ះ មកពីខេត្ដ ត្បូងឃ្មុំ  លេខ២​ ករីអះ ឈ្មោះ​ សាន សាក់ទីយ៉ាស មកពីខេត្ដ កោះកុង ​ និង​ លេខ៣​ ករីអះ​ឈ្មោះ​ ឯល ទ័រនីយ៉ាល់​ មកពីខេត្ត បាត់ដំបង។  ទន្ទឹមនេះ ក្នុងចំណោមករី-ករីអះ​ ប្រឡង​សូត្រ​ចាំមាត់ចំនួន​៣នាក់​ លេខ​១​ ករីឈ្មោះ​ ការីម​ សាន់ រ៉ូសាលី មកពីខេត្ត ក្រចេះ  លេខ២​ ករីឈ្មោះ​ ប៊ើ រីយ៉ាស់យើ  មកពីខេត្តកំពត  និង​ លេខ ៣ ​ ករីឈ្មោះ​ រឹម ណាស៊ីរីន មកពីខេត្ត បន្ទាយមានជ័យ ៕

ដោយ សួស សំរិត