ក្រសួងបរិស្ថាន និងប្រជាសហគមន៍ព្រៃឡង់ រៀបចំបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់ គ្រងធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រជាពលរដ្ឋចំនួនជាង៣០០នាក់ មកពីសហគមន៍ការពារធម្មជាតិនៃខេត្តទាំង០៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្ដក្រចេះ ដែលគ្រប់ដណ្តប់ដោយព្រៃឡង់ បានមក​ជួបជុំ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ តំបន់វាលតាសិល្ប៍ ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរៀបចំប្រារព្ធពិធីបំបួសដើមឈើ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបន្តគង់វង្សសម្រាប់ពេលអនាគត។ នេះបើយោង​តាមការចេញផ្សាយរបស់ក្រសួង​បរិស្ថាន។ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំពិធីបំបួសដើមឈើជាប្រវត្តិសាស្រ្តនេះ គឺធ្វើឡើងជាលើកទី១ ដែលមានប្រជាសហគមន៍ការពារព្រៃឡង់ច្រើនកុះករ មកពី០៤ខេត្តជួបគ្នាមិនធ្លាប់មាន។ ឯកឧត្តមបានកោត​សរសើរចំពោះប្រជាសហគមន៍នៃបណ្តាញការពារព្រៃឡង់ទាំង៤ខេត្ត រួម ទាំងមន្រ្តីឧទ្យានុរក្ស ដែលបានយកចិត្តទុកដាក់ ការពារ ថែរក្សា ស្រឡាញ់ព្រៃឈើ ធ្វើឱ្យព្រៃ​ឈើនៅក្នុងព្រៃឡង់ មាននៅទ្រង់ទ្រាយល្អរហូតមកដល់សព្វថ្ងៃ។ ឯកឧត្តមបានចាត់ទុកព្រឹត្តិ​ការណ៍នៅថ្ងៃនេះថា នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីគុណតម្លៃរបស់ព្រៃឈើ ចំពោះមនុស្សទាំងអស់គ្នា ហើយសង្ឃឹមថា ពួកគាត់ចេះគ្រប់គ្រងធនធានរបស់ខ្លួនបានល្អ​ប្រសើរថែមទៀត ។

ឯកឧត្តមបានសំដែងការព្រួយបារម្មណ៍ចំពោះការបាត់បង់ដើមឈើ នៅពេលប្រជា​ពលរដ្ឋ ចោះរណ្តៅជ័រ នៅលើដើមច្បោះច្រើនកន្លែង នៅលើដើមតែមួយ  ហើយបានសំណូម​ពរដល់ប្រជាពលរដ្ឋ ដែលមានមុខរបរ ដងជ័រទឹកលក់ ពិនិត្យមើលសកម្មភាពនេះ ដែលអាច​បណ្តាលឱ្យដើមច្បោះងាប់បាន ដោយសារដើមឈើវា រស់ដោយសារតែសំបក។ ឯកឧត្តម​បាន​លើកទឹកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋ សហការជាមួយមន្រ្តីឧទ្យានុរក្ស និងសមតិកិច្ច​ពាក់ព័ន្ធ ចូលរួមពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ឱ្យបាន​គង់​វង្សបន្តទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ដល់ការ​អភិវឌ្ឍសហគមន៍នៅតាមតំបន់ការពារធម្មជាតិទាំងអស់ ចាប់ពីឆ្នាំ២០១៧រហូតមក តាមរយៈ​ការផ្តល់ពូជសត្វ សម្ភារកសិកម្ម និងសកម្មភាពទ្រទ្រង់ជីវភាពសហគមន៍ផ្សេងទៀត ហើយ​សហគមន៍នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ នឹងទទួលបានការគាំទ្រដូចគ្នានៅក្នុង​ឆ្នាំ២០១៩នេះ។

អ្នកស្រី ភោគ ហុង គណៈកម្មការព្រៃឡង់ ខេត្តព្រះវិហារ បានបញ្ជាក់ថា គោលបំណង ដែលរៀបចំឱ្យមានការបំបួសដើមឈើនេះ គឺជាការរក្សាប្រពៃណីសាសនាជនជាតិដើមភាគ តិច និងការរម្លឹកគុណព្រៃឈើ ដែលបានជួយថែរក្សា និងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជា​ការជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាព្រៃឈើ ការពារធនធានជីវៈចម្រុះនៅក្នុងដែន​ជម្រក​សត្វព្រៃ នៃព្រៃឡង់ឱ្យកាន់តែប្រសើថែមទៀត។

លោក វង់ សាន ប្រធានសហគមន៍ក្បាលខ្លានៃតំបន់ព្រៃឡង់ក្នុងភូមិសាស្រ្តខេត្ត កំពង់ធំ ក៏បានបញ្ជាក់ដែរថា ព្រៃឡង់មានសារៈសំខាន់សម្រាប់មនុស្សខ្លាំងណាស់ វាអាចជួយ​ផ្តល់នូវ​ទឹកភ្លៀង កាត់បន្ថយកំដៅរួមទាំងការប្រមូអនុលផលពីព្រៃឈើ ដូចជាផ្លែឈើ វល្លិ៍ បេះផ្សិត រកជ័រ រួមទាំងដងជ័រ ដែលជួយប្រជាសហគមន៍អាចរកប្រាក់ចំណូលគ្រប់រដូវកាល។ ប៉ុន្តែ​តំបន់​នេះក៏កើតមានបញ្ហា លោកសង្ឃឹមថា បន្ទាប់បីមានពិធីបំបួសដើមឈើនៅពេលនេះ ជាពិសេសមានប្រជាពលរដ្ឋមកពីសហគមន៍ការពារធម្មជាតិ ទាំង០៤ខេត្ត ដែលរស់នៅក្នុង តំបន់ ព្រៃឡង់មកជួបជុំគ្នា  នឹងពង្រឹងការចូលរួមស្រឡាញ់ព្រៃឈើ និងការពារ និងអភិរក្ស ធនធានធម្មជាតិកាន់តែខ្លាំងក្លាថែមទៀត ព្រោះជាទ្រព្យសម្បត្តិ និងជា​អាយុជីវិតរបស់យើង​ទាំងអស់គ្នា ។

សូមបញ្ជាក់ថា ពិធីបំបួសដើមឈើនៅក្នុងដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ប្រព្រឹត្ត​ឡើង​រយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលរៀបចំ ឡើងដោយក្រសួងបរិស្ថាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និងបណ្តាញសហគមន៍ព្រៃឡង់ ក្នុងបំណងបង្កើនការយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើដល់​ប្រជាពលរដ្ឋ និងជាការចាប់ផ្តើមពង្រឹងក្នុងកិច្ចសហការអភិរក្សគ្រប់គ្រងធនធានធម្មជាតិ​របស់​សហគមន៍ប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតែស្រស់ត្រកាលគ្របដោយ​ស្បៃ​ធម្មជាតិ។  ជាមួយគ្នានេះដែរ ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយ អនុក្រឹត្យ​លេខ ០៧៤ អនក្រ .បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប ៤៣១.៦៨៣ ហិកតា ស្ថិតនៅជាប់ភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ។  ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ  និងជីវៈចម្រុះ សំម្បូរបែប ដែលជាជម្រាល​ផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បម្រើដល់វិស័យកសិកម្ម ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌យ៉ាងសំខាន់៕

ដោយ អ៊ុន រិទ្ធី​ (ប្រភព៖​ក្រសួងបរិស្ថាន)