រដ្ឋមន្រ្ដីក្រសួងព័ត៌មានលើកឡើងថា បច្ចុប្បន្នភ្ញៀវទេសចរបរទេសមួយចំនួនមក​ទស្សនាកម្សាន្ដនៅកម្ពុជាបានទៅរកកន្លែងស្ងប់ស្ងាត់នៅទីអារាម

AKP កំពង់ចាម ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា សាសនាព្រះពុទ្ធបានបង្រៀនមនុស្សឱ្យ​មានចិត្ដ​ស្ងប់ ហើយបច្ចុប្បន្ន មានភ្ញៀវទេសចរបរទេសមួយចំនួនដែលបានមកទស្សនាកម្សាន្ដ​នៅក្នុង​ប្រទេសកម្ពុជាបានទៅរកកន្លែងស្ងប់ស្ងាត់ ក្នុងនោះក៏មានទីវត្ដអារាម ដើម្បីធ្វើការតាំងសមាធិ ធ្វើឱ្យអារម្មណ៍ជ្រះថ្លា និងព្យាបាលជំងឺបានខ្លះផងដែរ។ក្នុងពិធីបុណ្យឆ្លង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្ដជីហែ កាលពី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងវត្ដជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសុទិន ខេត្ដកំពង់​ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទេសចរណ៍ពុទ្ធ​សាសនាគឺមានសារៈសំខាន់ណាស់ ហើយបាននិងកំពុងតែរីកចម្រើនច្រើនឡើង ដែលមាន​អ្នកទៅទស្សនាតាមទីវត្ដអារាមច្រើន ក្នុងនោះនៅក្នុងស្រុកកោះសុទិន ខេត្ដកំពង់ចាម គឺស្គាល់​ជាងគេវត្ដមហាលាភ ដែលមានរូបគំនូរសល់ពីសម័យបុរាណនៅក្នុងព្រះវិហារមានវ័យ​ចំណាស់​ជាងគេ។

ឯកឧត្ដមបានបញ្ជាក់ថា សមិទ្ធផលមួយចំនួនដែលកើតឡើងក្នុងទី​អារាម​វត្ដជីហែទាំងអស់នេះ គឺដោយសារតែប្រទេសជាតិមានសុខសន្ដិភាព និងការខិតខំប្រឹងប្រែង​រួម​គ្នាទាំងអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ សប្បុរសជន និងព្រះសង្ឃដែលគោរពប្រតិបត្តិផ្នែក​ព្រះពុទ្ធសាសនា ដើម្បីចូលរួមធ្វើយ៉ាងណាលើកកម្ពស់វិស័យពុទ្ធចក្រឱ្យកាន់តែរីកចម្រើន​ថ្កុំថ្កើង រុងរឿងជារៀងរហូត។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ក្នុងរយៈពេល៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងនូវហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកពុទ្ធចក្រ និងអាណា​ចក្រ​ដែល​មានការរីកចម្រើនជាលំដាប់ ជាពិសេសបានបង្កើតឱ្យមានជាគោលនយោបាយ​ផ្ដល់របបសន្ដិសុខសង្គម ក្នុងការជួយដល់មន្រ្ដីរាជការ កម្មករ កម្មការិនីផ្នែកវិស័យកាត់ដេរ​សម្លៀកបំពាក់ ទាក់ទងនឹងការថែទាំសុខភាព និងជួយចេញថ្លៃព្យាបាលជូនដោយឥតគិតថ្លៃ។

ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បាននាំយកថវិកាចំនួន​១២.០០០ដុល្លារ សម្រាប់កសាងសាលាបុណ្យនៅក្នុងវត្ដជីហែ  ប្រគេនបច្ច័យចូលរួមក្នុង​ពិធី​បុណ្យ​រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មានសរុបចំនួន៣.២០០.០០០លានរៀល និងប្រាក់​ដុល្លារ​ចំនួន១.៥០០ដុល្លារ។ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវបានផ្ដល់ថវិកាចំនួនជិត៣​លានរៀល សម្រាប់រៀបចំពិធីបុ និងជូនតាជី យាយជីចំនួន៥០នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ៣០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សិស្សិកាយរិទ្ធ៥០នាក់ និងកាកបាទក្រហម​កម្ពុជា​៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល ព្រមទាំងប្រជាពលរដ្ឋចូលរួមចំនួន​៤០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថ្នាំពេទ្យ១កញ្ចប់ផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវធ្វើពិធីបុណ្យឆ្លង និងដាក់សម្ពោធឱ្យប្រើប្រាស់ជា ផ្លូវការ​នាពេលនេះ រួមមាន កុដ្ឋិថ្ម១ខ្នង សាងសង់ខឿនព្រះវិហារ​ ចាក់ដីក្នុងបរិវេណវត្ដ ជួស​ជុលដំបូលព្រះវិហារ ដំបូលសាលាឆាន់ និងកសាងអាងទឹកថ្មីមួយ ស្ថិតក្នុងវត្ដជីហែ ឃុំពាម​ប្រធ្នោះ ស្រុកកោះសុទិន ខេត្ដកំពង់ចាម៕

ដោយ អ៊ុន រិទ្ធី រូបភាព៖ ខឹម សុវណ្ណារ៉ា