កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំអន្ដរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីលើកទី៧ស្ដីពីកិច្ចព្រម​ព្រៀងភាព​ជាដៃគូគ្រប់ជ្រុងជ្រោយតំបន់នៅខេត្ដសៀមរាប

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ — កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំអន្ដរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីលើកទី៧ស្ដីពីកិច្ចព្រម​ព្រៀងភាព​ជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(7th RCEP ISSL MM) នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅខេត្ដ សៀមរាប។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា អន្ដរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីលើកទី៧ស្ដីពីកិច្ចព្រម​ព្រៀងភាព​ជាដៃគូគ្រប់ជ្រុងជ្រោយតំបន់នេះ នឹងទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្ដី និងគណៈប្រតិភូ​ជាន់ខ្ពស់មកពីប្រទេសចរចាកិច្ចព្រមព្រៀងអន្ដរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីលើកទី៧ស្ដីពីកិច្ចព្រម​ព្រៀងភាព​ជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ទាំង១៦  និងលេខាធិការដ្ឋានអាស៊ាន ដើម្បីបន្ដ​ពិភាក្សា និងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចរចា ពាណិជ្ជ​កម្មលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះ នឹងពិភាក្សាអំពីផែនការចរចា RCEP ឆ្នាំ២០១៩ ផ្ដល់ការណែនាំលើការចរចា បើកច្រកទីផ្សារ(ពាណិជ្ជកម្ម ទំនិញ ពាណិជ្ជកម្មសេវា និងការវិនិយោគ) និងជំរុញបន្ថែមឱ្យអ្នកចរចាទាំងអស់ខិតខំប្រឹងប្រែង បញ្ចប់ការចរចាលើជំពូកដែលនៅសេសសល់ សំដៅឈានទៅបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ តាមអាណត្ដិដែលផ្ដល់ឱ្យដោយថ្នាក់ដឹកនាំនៃ​ប្រទេស​ចរចា RCEP ទាំង១៦ នៅអំឡុងកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

ក្រសួងពាណិជ្ជកម្ម សង្ឃឹងយ៉ាងមុតមាំថា អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នឹងចូលរួមយកព័ត៌មាននៅក្នុងព្រឹត្ដិការណ៍សំខាន់ខាងលើ ដើម្បីចែករំលែកលទ្ធផលនៃកិច្ច ប្រជុំជូនដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស៕

ដោយ អ៊ុន រិទ្ធី