ម្ចាស់ផ្ទះវិសាខាយកឈ្នះក្រសួងការពារជាតិ២-១ ក្នុងជំនួបមិត្តភាពមុនការប្រកួត​លីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រុមបាល់ទាត់វិសាខាបានបើកទ្វារកីឡដ្ឋានស្វាគមន៍ការប្រកួតមិត្តភាពលើកទី១៥ របស់ខ្លួន ជាមួយក្រុមក្រសួងការពារជាតិ ដោយបានយកឈ្នះដោយលទ្ធផលបច្ចេកទេស ២ទល់១ ដើម្បីបង្កើនបច្ចេកទេស និងគុណភាពថាមពលកម្លាំងរបស់កីឡាករនៃក្រុមទាំងពីរមុនពេល ដែលត្រូវចូលរួមប្រជែងជើងឯកនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ ដែល គ្រោងនឹងចាប់ផ្តើម នាខែមីនា ខាងមុខឆាប់ៗនេះ។មុនការប្រកួតជាមួយក្រុមក្រសួងការពារជាតិនេះ គឺក្រុមវិសាខា ដែលធ្វើម្ចាស់ផ្ទះនោះបាន ប្រកួតមិត្ត ភាពសាកល្បងបច្ចេកទេសជាមួយក្រុមបឹងកេតFC ដោយរក្សាលទ្ធផលស្មើគ្នា ៤ទល់៤។ នេះគឺជាការប្រកួតមិត្តភាពលើកទី១៥របស់ក្លិបកីឡាបាល់ទាត់វិសាខា បន្ទាប់ពីឆ្លង កាត់ការប្រកួតកម្ដៅសាច់ដុំលក្ខណៈជាតិ និងអន្ដរជាតិចំនួន១៤ប្រកួត ឈ្នះ៩ ស្មើ ៤ប្រកួត និងចាញ់១។ ក្រោយចប់ការប្រកួតនេះ ក្លិបកីឡាបាល់ទាត់វិសាខា ក៏នឹងមានណាត់ក្រុម ដទៃទៀតបន្ដធ្វើការប្រកួតមិត្តភាព ដើម្បីពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមរដូវកាល​ថ្មី​ផងដែរ។

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអះអាងថា សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ នឹងមានក្រុមកើនឡើងចំនួន២ គឺ១៤ក្រុម ដែល៣ក្រុមថ្មី គឺក្រុមខេត្តកំពង់ចាម គីរីវង់សុខសែនជ័យ និង U18 បាទី ដែលក្រុមវេស្ទើនភ្នំពេញធ្លាក់ចេញពីលីគ។

សូមរម្លឹកថា កាលពីរដូវកាល ២០១៨ ក្រុមវិសាខាបានបញ្ចប់២២ប្រកួត ដណ្តើមបាន​ចំណាត់លេខ៣ ខណៈក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ៤ និងបឹងកេត លេខ២ និងម្ចាស់ជើងឯក ដណ្តើមបាន ដោយក្រុមណាហ្គាវើល៕

ដោយ ហេង ណាលីន