អាជ្ញាធរខេត្ដកំពង់ចាម បញ្ចូលចលនា​ចំនួនពីរដាក់ក្នុងចលនាប្រឡងប្រណាំងរបស់ ឃុំ​-​សង្កាត់​ ក្នុងឆ្នាំ២០១៩នេះ

AKP កំពង់ចាម ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ — អាជ្ញាធរខេត្ដកំពង់ចាម បានបញ្ចូលចលនា​ចំនួនពីរ ដាក់ក្នុងចលនាប្រឡងប្រណាំង​របស់ឃុំ​-​សង្កាត់​ ក្នុងឆ្នាំ២០១៩នេះ គឺចលនា​ប្រឡងប្រណាំង​ការ​បម្រើសេវា​សាធារណៈបានល្អ និង​ចលនាប្រឡងប្រណាំងមានបន្ទប់អនាម័យគ្រប់ខ្នងផ្ទះក្នុងឃុំ សង្កាត់ទាំងអស់ នៅទូទាំងខេត្ត ដើម្បីបន្តការខិតខំប្រឹងប្រែងក្នុងចលនាទាំងពីរនេះ ក្នុងមូលដ្ឋានរបស់ខ្លួន​សម្រាប់ទទួល​បានជ័យលាភី។

នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន  អភិបាលខេត្ដកំពង់ចាមក្នុងកិច្ចប្រជុំ​ប្រកាសលទ្ធផលការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អក្នុងខេត្តប្រចាំ​ឆ្នាំ២០១៨​ដែលបានប្រារព្ធធ្វើ កាលពីថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២​ត្រូវនិង​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩នេះ​នៅសាលសន្និសិតសាលាខេត្ត។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើ​សេវា ល្អនៅតាមបណ្តា​ឃុំ​-​សង្កាត់នៅទូទាំខេត្ត គឺជាចលនាមួយដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​  ឈរលើគោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាពយើងទទួលបានជោគជ័យ ដែលឃុំ សង្កាត់ទាំងអស់បានយក​ចិតទុកដាក់ឆ្លើយតបបាន និងការពេញចិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។  ឯកឧត្តម អភិបាលខេត្ដបានបន្ដថា  គោលបំណងសំខាន់នៃចលនាប្រឡងប្រណាំងគឺចង់ឱ្យឃុំ សង្កាត់ ផ្តល់សេវាសាធារណៈនៅតាមឃុំ សង្កាត់គឺដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល មានតម្លាភាព និង​គណនេយ្យភាពគឺធ្វើឱ្យបាន ធ្វើឱ្យ​លឿន និងមានតម្លាភាពដែលមេឃុំ​-​ចៅសង្កាត់ ស្នៀ​ន និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ-​សង្កាត់។ ទន្ទឹមនេះ ត្រូវអនុវត្តន៍​ដោយផ្ទាល់ និង​ដល់ទី​កន្លែង​ស្នាក់នៅ​របស់ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតប និងការអនុវត្តទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់​រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តមបានបន្ដថា ការអនុវត្ដចលនានេះ គឺយោងតាមគោលនយោបាយកំណែទម្រង់ របស់រដ្ឋាភិបាលកម្ពុជា ផ្តោតលើការកែទម្រង់លើការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលបានកំណត់ថា ត្រូវបង្កើនដល់ការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បី សុខមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ។  ឯកឧត្តមបានបន្ថែមថា ក្នុងឆ្នាំ២០១៩នេះ  រដ្ឋបាលខេត្តបានដាក់ចេញនូវចលនា​ចំនួនពីក្នុងចលនាប្រឡងប្រណាំង​របស់ឃុំ​-​សង្កាត់​ ទាំងអស់ក្នុងខេត្តកំពង់ចាមគឺ ចលនា​ប្រឡងប្រណាំង​ការ​បម្រើសេវា​សាធារណៈបានល្អ និងចលនា​ប្រឡងប្រណាំងមានបន្ទប់អនាម័យគ្រប់ខ្នងផ្ទះក្នុងឃុំ សង្កាត់ ទាំងអស់ក្នុងខេត្ត។ ឯកឧត្តមបានលើកឡើងថា ចលនា​ប្រឡងប្រណាំង​ការ​បម្រើសេវា​សាធារណៈបានល្អធ្វើការវាយតម្លៃរាល់ឆ្នាំ និងចលនា​ប្រឡងប្រណាំងមានបន្ទប់អនាម័យគ្រប់ ខ្នងផ្ទះក្នុងឃុំសង្កាត់ទាំងអស់ក្នុងខេត្តត្រូវបានវាយតម្លៃរហូតដល់ឆ្នាំ២០២៥។ ដូចនេះអាជ្ញាធរ នៅថ្នាក់ឃុំ សង្កាត់ទាំងអស់នៅទូទាំងខេត្តកំពង់ចាមត្រូវបន្តការខិតខំប្រឹងប្រែងក្នុងចលនា ទាំងពីរនេះដែលក្នុងមូលដ្ឋានរបស់ខ្លួនចលនាប្រជាពលរដ្ឋឱ្យចូលរួមដើម្បីទទួលបានចំណាត់ថ្នាក់ជ័យលាភី និងទួលបានការលើកទឹកចិតផងដែរ។

សូមបញ្ជាក់ថា ​ឆ្លងតាមការវាយតម្លៃរបស់រដ្ឋបាលខេត្ត​កំពង់ចាម បានធ្វើការជ្រើស​រើស វាយតម្លៃ និងដាក់ពិន្ទុក្នុងចំណោម​រដ្ឋបាល ឃុំ ចៅសង្កាត់ទាំង១០៩​គឺជ្រើសរើស​យក​រដ្ឋបាលឃុំ សង្កាត់ចំនួន១០ ក្នុងនោះរដ្ឋឃុំចំនួន​៣​ត្រូវកំណត់ក្នុងជ័យលាភី និង​រដ្ឋបាល​ឃុំចំនួន៧​ទៀតក្នុងការកំណត់ជាអ្នកទទួលរង្វាន់​លើកទឹកចិត្តតាមរយៈការវាយតម្លៃរបស់រដ្ឋ​បាលខេត្ត។​ ចំពោះអ្នកទទូលជ័យ​លា​ភី​លេខ​១ នឹង​ទទួលបាន​ថវិកា​១០​លាន​រៀល លេខ​២ ទទួលបាន ៦​លាន​រៀល លេខ​៣ ទទួលបាន ៤​លាន​រៀល។ ចំពោះរង្វាន់លើកទឹកចិតដោយ​ក្នុង​រដ្ឋបាលឃុំនីមួយៗ​ទទួលបាន ២​លាន​រៀល។

ដោយ ឆាយ ម៉ុត