មន្ត្រីក្រសួងសេដ្ឋកិច្ចអះអាងថា ការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ លទ្ធកម្មសាធារណៈគឺបោះជំហានឆ្ពោះទៅមុខយ៉ាងស្វាហាប់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈគឺបោះជំហានឆ្ពោះទៅមុខយ៉ាងស្វាហាប់ និងប្រកបដោយមហិច្ចតាដើម្បីសម្រេចបាននូវគោលដៅដ៏ពិតប្រាកដមួយ។

ថ្លែងបើកសិក្ខាសាលានៅទីស្តីការក្រសួងនាពេលថ្មីៗនេះ ឯកឧត្តមបានបញ្ជាក់ថា ឯកសារយុទ្ធសាស្ត្រនៃការកែទម្រង់នេះក្រុមការងារបច្ចេកទេសបានសហការជាមួយអ្នកជំនាញការអន្តរជាតិបានដកស្រង់យកមតិយោបល់របស់ដៃគូអភិវឌ្ឍន៍សំខាន់ៗ និងក្រុមការងារ អន្តរអគ្គនាយកដ្ឋាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ពីស្ថាប័នអន្តរជាតិធំៗ និងពីបណ្តាប្រទេសមួយចំនួន រួមទាំងបទ ពិសោធន៍នៃការអនុវត្តជាក់ស្តែងរបស់កម្ពុជាផ្ទាល់ដែលជាធាតុចូលមិនអាចខ្វះបានសម្រាប់ធ្វើជាមូលដ្ឋាននៃការដាក់ចេញនូវវិធានការសកម្មភាព។ ម្យ៉ាងទៀត ដើម្បីដោះស្រាយ បញ្ហាប្រឈម និងការកែលម្អបន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់ និងយន្តការស្ថាប័ន និងការកសាង និងអភិវឌ្ឍន៍សមត្ថភាពតួអង្គពាក់ព័ន្ធសម្រាប់គាំទ្រ ដល់យុទ្ធសាស្ត្រនៃការ កែទម្រង់នេះ។

ជាងនេះទៀត យុទ្ធសាស្ត្រនៃការកែទម្រង់នេះរៀបចំ ឡើងមានសង្គតិភាព និងស៊ីសង្វាក់ប្រទាក់ក្រឡាជាមួយនឹងយុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ និងយុទ្ធសាស្រ្តនៃការកែទម្រង់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ដែលនឹងត្រូវអនុម័តនៅពេលខាងមុខថែមទៀតផង។


សូមបញ្ជាក់ថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ គឺរៀបចំឡើងតាមស្មារតី និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែល ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងកែប្រែជាជំហានៗនូវប្រព័ន្ធគ្រប់គ្រងអនុវត្តន៍ថវិកាសមិទ្ធកម្ម ស្របតាមទិសដៅជាយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្មនៅឆ្នាំ២០២៥ ក្នុងនោះរួមមាន ការកែលម្អជាបន្តបន្ទាប់៕

ដោយ គង់ សិរីរ័ត្ន