នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួនពីរគ្រឿង មានគម្រោងចូលសំចតពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅចុងខែកុម្ភៈនេះ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ — តាមព័ត៌មានពីមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា នាវាកងកម្លាំង ស្វ័យការពារជប៉ុនចំនួន០២ គ្រឿង មានគម្រោងចូលសំចត នៅកំពង់ ផែអន្តរជាតិក្រុង ព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។

នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួនពីរគ្រឿង នឹងចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ (​គឺពីថ្ងៃទី២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ ក្នុង​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជា ក្នុងគោលបំណងរឹតចំណងសាម គ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ជប៉ុន និងកម្ពុជាឱ្យកាន់តែស្អិតរមួត ហើយក៏មានកម្មវិធីហ្វឹកហ្វឺនដល់នាវិកបើកបរនាវាចម្ងាយឆ្ងាយផងដែរ។

ក្នុងឱកាសស្នាក់នៅកម្ពុជា គណៈប្រតិភូមានគម្រោងទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរ​ជាតិ គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជប៉ុន ទស្សនៈកិច្ចតាមវត្ត​អារាម សាលារៀន អង្គភាព​មួយចំនួន ដាក់កម្រងផ្កានៅវិមាន​ឯករាជ្យ​ ​និង​ចូល ជួបសម្តែងការគួរសមជា មួយគណៈអភិ បាលខេត្តព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងមានកម្មវិធីលេងកីឡាមិត្តភាព រវាងកងទ័ពជើងទឹកទាំងពីរ។

នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួនពីរគ្រឿងនោះគឺ៖ នាវាទី១. មានឈ្មោះ SETOYUKI (TV-3518)មានបណ្តោយ ១៣០ម៉ែត្រ ទទឹង ១៣.៦០ម៉ែត្រ ជម្រៅទឹក ៨,៥០ ម៉ែត្រ នាវាមានទម្ងន់ផ្ទុករហូតដល់ ៣០៥០តោន និងមាននាវិកប្រមាណ ១៦៧នាក់ ដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីទោ NAOTO NAKADERA និង នាវាទី២. ឈ្មោះ SHIMAYUKI (TV-3515)មានបណ្តោយ ១៣០ម៉ែត្រ ទទឹង ១៣,៦០ម៉ែត្រ ជម្រៅទឹក ៨,៥០ម៉ែត្រ មានទម្ងន់ផ្ទុក ៣០៥០តោន និងមាននាវិកប្រមាណ ១៦៧នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក​វរនាវីទោ TAKEHIKO SAITO ជាប្រធានគណៈប្រតិភូ និងលោក​វរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន​៕

ដោយ ងូ សុមុនី