រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ធ្វើមេគេ ត្រូវបើកចិត្តឱ្យទូលាយ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា តួនាទីរបស់ អ្នកដឹកនាំគេសំខាន់បំផុតត្រូវបើកចិត្តឱ្យទូលាយ ហើយត្រូវចេះប្រមូលផ្តុំឱ្យសមាជិកខ្លួននៅ ជុំគ្នា ចេះស្រឡាញ់គ្នា ចេះធ្វើការជាមួយគ្នា។

នៅក្នុងឱកាសបិទសិក្ខាសាលាពង្រឹងសមត្ថភាពថ្នាក់ដឹក​នាំ​ស្ត្រីក្រសួងព័ត៌មាន កាល ពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រធានមិនត្រូវមានការបែងចែកទេ ប្រធានល្អគឺប្រធានចេះរុញកូនចៅ ទាំងអស់ឱ្យចេះធ្វើការជាមួយគ្នាប្រកបដោយសុខដុមរមនា។ ឯកឧត្តមរដ្ឋមន្ត្រីបាន លើកឡើងថា ទោះយើងពូកែមានចំណេះដឹងខ្ពស់ តែអត់ចេះធ្វើការក៏មិនអាចទៅរួចដែរ សំខាន់ត្រូវចេះធ្វើការ ចេះដោះស្រាយទំនាស់ ចេះសម្រួលបរិយាកាសសុទ្ធតែជាការចាំបាច់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នពិតមែនតែនារីមិនមានកាន់តួនាទី ច្រើនដូចបុរស ប៉ុន្តែការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចាត់ទុកនារីជាឆ្អឹងខ្នង ព្រោះស្ត្រីពូកែជាងបុរស។ សិក្ខាសាលាថ្ងៃនេះសំខាន់ណាស់ ជាការជួបជុំដើម្បីទំនាក់ទំនងគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលធ្វើឱ្យយើងបង្កើនចំណេះដឹងទូទៅ ចំណេះដឹងជំនាញឱ្យកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាសាលារបៀបនេះនឹងមានជាបន្តបន្ទាប់ទៀត។
តាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងសង្គមកម្ពុជាយើង បើគិតពីសហគ្រាសមធ្យម និងតូច គឺមានប្រមាណ ៦០ភាគរយ នៃអ្នកដឹកនាំ គឺជានារី៕

ដោយ ប៉ាល់ សុង