សិក្ខាសាលាស្តីពីការពិគ្រោះយោបល់រវាងបឹងទន្លេសាបកម្ពុជា និង អាងបឹងសុងក្លាថៃ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅខេត្តសៀមរាប អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប សហការជាមួយ   គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍រួមចុងក្រោយនៃគម្រោងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍រវាងអាងបឹងទន្លេសាបកម្ពុជា និងអាងបឹងសុងក្លាថៃ។

គម្រោងនេះធ្វើឡើងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោមការទ្រទ្រង់ថវិកាដោយធនាគារពិភពលោក(WB) តាមរយៈលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលទ្ធផលគម្រោង និង ពិនិត្យលើសេចក្តីព្រាងរបាយការណ៍រួមបញ្ចប់គម្រោង ដោយមានការចូលរួមពី អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងបរិស្ថាន អង្គការ IUCN ក្រុមជំនាញការ និង ជំនួយការគម្រោង មន្ទីរជំនាញខេត្តជុំវិញបឹងទន្លេសាប សមាជិកសហគមន៍នេសាទរហាលសួងស្តីក្រោម ខេត្តបាត់ដំបង និសហគមន៍នេសាទស្រីចឹក ខេត្តពោធិ៍ សាត់ សរុបចំនួន ៤៨ រូប។

សម្រាប់ថ្ងៃបន្ទាប់ក្រុមការងារនឹងទៅទស្សនកិច្ចសិក្សានៅតំបន់ព្រែកទាល់ ខេត្តបាត់ដំបង ដើម្បីឈ្វេងយល់អំពីទិដ្ឋភាពជាក់ស្តែង ពិសេសធនធានធម្មជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ដោយ ណយ នឿន (ប្រភព អាជ្ញាធរទន្លេសាប)