ឯកឧត្តម ឱក ប៊ុង៖ វគ្គបណ្តុះបណ្តាលមជ្ឈត្តការ រួមចំណែកលើកស្ទួយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងទាក់ទាញវិនិយោគិន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វគ្គបណ្តុះ បណ្តាលស្តីពីមជ្ឈត្តការពាណិជ្ជកម្ម នឹងរួមចំណែកលើកស្ទួយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹងថ្មីៗដល់សិក្ខាកាម ដើម្បីចូលរួមអនុវត្តន៍យន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលអាចជួយសន្សំថវិកា និងពេលវេលា ជូនវិស័យឯកជននៅ ក្នុងប្រទេសកម្ពុជា និងទាក់ទាញទំនុកចិត្តកាន់តែខ្ពស់ពីវិនិយោគិនអន្តរជាតិ ជាពិសេសក្រុម ហ៊ុនធំៗលំដាប់ពិភពលោក។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការបែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ដែលរៀបចំឡើងដោយវិទ្យាស្ថាន បណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួម ប្រមាណ៧០នាក់ មកពីទីស្តីការក្រសួង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មចុះផ្សាយនា ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានឱ្យដឹងថា ឯកឧត្តម ឱក ប៊ុង បានលើកឡើង អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃប្រព័ន្ធមជ្ឈត្តការ សម្រាប់បម្រើការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យនីតិរដ្ឋ និងអភិបាលកិច្ចល្អ តាមរយៈបន្តការអនុវត្តកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ សំដៅឆ្លើយតបតម្រូវការរបស់ធុរជនក្នុងស្រុក និងវិនិយោគិនអន្តរជាតិ ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា ជាពិសេសស្តាប់ការពន្យល់របស់វាគ្មិន ដើម្បីធ្វើឱ្យវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ក្លាយទៅជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពីយន្តការដោះស្រាយវិវាទតាមរយៈច្បាប់មជ្ឈត្តការកម្ពុជា សម្រាប់ យកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឱក ប៊ុង បានបន្ថែមថា «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ វាបានជួយសម្រួលបន្ទុកចំណាយ និងជួយពន្លឿនពេលវេលាក្នុងការដោះ ស្រាយជម្លោះសម្រាប់ធុរជន ពេលមានវិវាទកើតឡើង ហើយវាមិនមែនជាការប្រកួតប្រជែង ជាមួយយន្តការប្រព័ន្ធតុលាការទេ ប៉ុន្តែវាជាការបំពេញបន្ថែមឱ្យប្រព័ន្ធយុត្តិធម៌» ។

សូមរម្លឹកថា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិនេះ បានកំពុងផ្តល់សេវាផ្លូវច្បាប់ជូនធុរជន និងវិនិយោគិនគ្រប់ជាតិសាសន៍ ដោយប្រើប្រាស់មជ្ឈត្តករម្នាក់ ឬច្រើន ដើម្បីដោះស្រាយរាល់វិវាទអាជីវកម្ម ក្រៅប្រព័ន្ធតុលាការ ដែលមានរយៈពេលយូរ និងច្រើនដំណាក់កាល៕

ដោយ​ សាយ សុន (រូបថត៖ក្រសួងពាណិជ្ជកម្ម)