អ្នកទទួលជ័យលាភី​ជើងឯក ចែករំលែកបទពិសោធន៍នៃការជួញដូរភាគហ៊ុននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ — ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំសន្និសីទស្តីពីយុទ្ធសាស្រ្តជួញដូរភាគហ៊ុន ដើម្បី ក្លាយ​ជាជ័យលាភី និងទទួលបានផលចំណេញ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រោយពីការប្រកួតប្រជែងជួញដូរភាគហ៊ុនរយៈពេល២ខែមក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីជើងឯក ដែលទទួលបានផលលាភជាលើកដំបូងរហូតដល់ ២៤៧ ភាគរយ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការយល់ដឹងពីទីផ្សារហ៊ុនកម្ពុជា។ លោក ទៀង ឆ្នើម ជ័យលាភីជើងឯក ដែលទទួលបានអត្រាចំណេញរហូតដល់ជាង២៤៧ ភាគរយ បានចែលរំលែកពីយុទ្ធសាស្រ្តរបស់ខ្លួនថា ដើម្បីជួញដូរបានអត្រាចំណេញខ្ពស់ គឺត្រូវសង្កេតមើលទីផ្សារជាប្រចាំ ហើយត្រូវវិភាគអំពីទំនោររបស់អ្នកទិញ និងអ្នកលក់​ផ្សេង​ទៀត ដើម្បីដឹងថា ថ្លៃភាគហ៊ុននឹងអាចកើនឡើង ឬធ្លាក់ចុះ។ ទន្ទឹមនឹងនេះ គឺត្រូវតាម ដានព័ត៌មានជាប្រចាំ ព្រោះថ្លៃភាគហ៊ុនមានទំនាក់ទំនងជាមួយនឹងព័ត៌មាន ដែលប៉ះពាល់ ដល់អាជីវកម្មរបស់ក្រុមហ៊ុន។

អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហា ចុងវ័ន (HA Jong Weon) បានថ្លែង ថា ដើម្បីទទួលបានភាពជោគជ័យក្នុងទីផ្សារភាគហ៊ុន វិនិយោគិនគប្បីយល់ដឹងជាមុនទៅលើ ស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន និងការគ្រប់គ្រងរបស់ក្រុមហ៊ុន។ លោកបានបន្ដថា វិនិយោ គិន ត្រូវរៀនវិភាគថា ថ្លៃភាគហ៊ុនបច្ចុប្បន្ន មានសភាពខ្ពស់ ឬទាប បើធៀបទៅនឹងប្រាក់ ចំណេញក្នុងមួយភាគហ៊ុនរបស់ក្រុមហ៊ុន ក៏ដូចជាភាគលាភ ដែលក្រុមហ៊ុននឹងបែងចែក។ ការវិនិយោគទៅលើភាគហ៊ុនជាជម្រើសដ៏ប្រសើរបំផុត ដោយទីផ្សារភាគហ៊ុនមានការគ្រប់ គ្រងត្រឹមត្រូវ និងមានភាពអំណោយផលច្រើនដល់វិនិយោគិន ដូចជាការវិភាគមិនមានភាព ស្មុគស្មាញ និងអាចវិនិយោគតាមលទ្ធភាពដែលខ្លួនមាន។

សូមបញ្ជាក់ថា ម្ចាស់ជ័យលាភី ដែលបានលេង ភាគហ៊ុនដោយចំណាយថ្លៃដើមចំនួន ៤០ ម៉ឺនរៀល និងទទួលបានផលចំណេញ១. ៣៩០. ០០០រៀល ស្មើនិង២៤៧ភាគរយ ខណៈដែលជ័យលាភីផ្សេងទៀត ដែលមានដើមទុនផ្សេងៗគ្នា ទទួលបានផលចំណេញក្នុង រង្វង់៩០ភាគរយ៕

ដោយ ម៉ៅ ចរិយា