អង្គការយូណេស្កូបង្ហាញថា បច្ចុប្បន្ន ការអប់រំកុមារជាជនចំណាកស្រុក និងជាជនភៀសខ្លួន ក្នុងពិភពលោក ត្រូវការបន្ទប់រៀនជាងកន្លះលានបន្ទប់ទៀត

AKP ភ្នំពេញ ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្នុងរបាយការណ៍ថ្មី របស់យូណេស្កូបានបង្ហាញថា មានការសម្រេចវឌ្ឍនភាព ពុំគ្រប់គ្រាន់ ឡើយ ជុំវិញការបញ្ចូលជនចំណាកស្រុក និងជនភៀសខ្លួន ទៅក្នុងប្រព័ន្ធអប់រំជាតិ បច្ចុប្បន្ន នេះ គេត្រូវការបន្ទប់រៀន ជាងកន្លះលានបន្ទប់ ដើម្បីបំពេញតម្រូវការ កុមារ ជាជនចំណាក ស្រុក និងកុមារជាជនភៀសខ្លួនក្នុងពិភពលោក។

នេះបើតាមរបាយការណ៍ពិនិត្យ តាមដានការអប់រំសកលឆ្នាំ២០១៩ របស់យូណេស្កូ ក្រោមប្រធានបទ “ការធ្វើចំណាកស្រុក ការផ្លាសទីលំនៅ ដោយបង្ខំ និងការអប់រំ” កាលពីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោកស្រី អូតទ្រី អាហ៊្សូលៃ (Audrey Azoulay) អគ្គនាយក អង្គការយូណេស្កូបានលើកឡើងថា ចំនួនកុមារជាជនចំណាកស្រុក និងជនភៀសខ្លួន ដែលដល់អាយុចូលរៀន នៅជុំវិញពិភពលោក កើនឡើង២៦ភាគរយ  ចាប់តាំងពីឆ្នាំ២០០០មក ដែលចំនួននេះ អាច បំពេញបន្ទប់រៀនដល់ទៅជាងកន្លះលានបន្ទប់។ លោកស្រីបានបន្ដថា សិទ្ធិទទួលបានការអប់រំ ប្រកបដោយគុណភាព របស់កុមារទាំងនេះ ត្បិតត្រូវបានទទួលស្គាល់ កាន់តែច្រើនឡើងៗ លើក្រដាសស្នាមក៏ដោយ តែត្រូវជួបនឹងឧបសគ្គ ក្នុងបន្ទប់រៀន និងក្នុងបរិវេណសាលារៀន ជារៀងរាល់ថ្ងៃ និងត្រូវបានរដ្ឋាភិបាលមួយចំនួនតូច បដិសេធមិនផ្តល់ឱ្យតែម្តង។ លោកស្រី​ បានបន្ថែមថា គ្រប់គ្នានឹងត្រូវខាតបង់នៅពេលគេមិនយកចិត្តទុកដាក់លើការអប់រំ សម្រាប់ជន ចំណាកស្រុក និងជនភៀសខ្លួន ហើយការអប់រំ គឺជាគន្លឹះ ដើម្បីលើកកម្ពស់ បរិយាប័ន្ន និង​ភាពចុះសម្រុងគ្នាក្នុងសង្គម។  លោកស្រីបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា វិស័យអប់រំ ត្រូវ បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ពោល​គឺ រំកិលសាលារៀន ឱ្យទៅជិតនឹងផ្ទះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង មិនថា ទីប្រជុំជន ឬ ជនបទនោះទេ។ ទន្ទឹមនេះ ក្នុងរបាយការណ៍ក៏បានបង្ហាញដែរថា កម្ពុជា ក៏មិនមានកុមារ ចំណាកស្រុក ឬជនភៀសខ្លួន ជាអន្តរជាតិនោះដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការធ្វើកំណែ ទម្រង់វិស័យអប់រំ គឺជារឿងចាំបាច់បំផុត ក្នុង​ការដោះស្រាយបញ្ហាផ្សេងៗក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្ដមបានលើកឡើងថា ក្រសួងអប់រំបានយកចិត្តទុកដាក់​ជាខ្លាំងទៅលើកុមារ ចំណាកស្រុក ដោយផ្តល់លទ្ធភាពឱ្យ ពួកគេបានចូលសិក្សារៀនសូត្របាននៅគ្រប់កម្រិត។ មួយគ្នានេះដែរ រាជរដ្ឋាភិបាលបានគិត គូរយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធអំពីផ្តល់ឱកាសដល់កុមារ និង ជនចំណាកស្រុក បានរៀនសូត្រគ្រប់ទីកន្លែង និងគ្រប់កម្រិត។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូស បញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព នៃការអប់រំ រាជរដ្ឋាភិ​បាលបានបង្កើតសាលា រៀនបានច្រើន នៅគ្រប់ទីកន្លែង ព្រមទាំងបានពង្រឹងសមត្ថភាព​បង្រៀនរបស់គ្រូឱ្យបានគ្រប់ កម្រិត និងត្រូវដោះស្រាយគ្រូបង្រៀនឱ្យបានច្រើន និងបង្កើន​ប្រាក់​បៀវត្សរ៍ ជូនគ្រូបង្រៀននៅ តាមសហគមន៍ដាច់ស្រយ៉ាល ឱ្យបានសមរម្យផងដែរ៕

ដោយ អ៊ុន រិទ្ធី