ជប៉ុនចាប់ផ្តើមអនុវត្តន៍គម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹក

AKP សៀមរាប ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — ជប៉ុនចាប់ផ្តើមអនុវត្តន៍គម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និង ចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹកនៅផ្លូវប្រសព្វតំបន់ Pub Street ហើយគម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។

​បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩រួចមក នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រុមហ៊ុន Omura Ceratec Co.,Ltd របស់ជប៉ុនបានចាប់ផ្តើមអនុវត្តន៍ គម្រោងសាកល្បងអំពី បច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ ២ធ្នូ ប្រវែង ៩៣ម៉ែត្រ ពីចំណុចផ្លូវប្រសព្វ Pub Street ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

លោក Hiroya Kon អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Omura Ceratec Co.,Ltd បានបន្តថា គម្រោងសាកល្បងនេះមានគោលបំណងរួមចំណែកការពារទឹកជំនន់ ដក់លើផ្លូវ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement) ជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន។

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានប្រសាសន៍ថា នេះជាគម្រោងមួយថ្មី ដែលយើងនឹងសិក្សាជាបន្តបន្ទាប់ទៀត ក្នុងការបែងចែកទ្រូងផ្លូវ ផ្លូវថ្មើរជើង និងចំណតយានយន្ត ដើម្បីឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ជួយកាត់បន្ថយនូវការកកស្ទះក្នុងទីប្រជុំជន។ លោកបន្តថា យើងបានលើកគម្រោងនេះកាលពីចុងឆ្នាំ២០១៦។ ហើយនៅខែមករាឆ្នាំ២០១៧ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនJICAបានមកទំនាក់ទំនង និងសិក្សា ពីទីតាំង ក្រោមការសហការសម្របសម្រួលពីអាជ្ញាធរក្រុងសៀមរាប និងបានការគាំទ្រ ជំរុញបន្ថែម ពីក្រសួងសាធារណការនិងដឹកជញ្ជូន ដោយផ្តោតសំខាន់ទៅលើតំបន់ ក្នុងក្រុងដែលមានទេសចរធ្វើដំណើរថ្មើរជើងច្រើន។ គម្រោងសាកល្បងនេះ ចាប់ផ្តើម អនុវត្តន៍ពីខែកុម្ភៈ ឆ្នាំ២០១៩ហើយ គ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានការគាំទ្រ និងចាត់ទុកគម្រោងនេះថា ពិតជា មានសារៈសំខាន់សម្រាប់តំបន់ក្នុងក្រុង ដែលអ្នកទេសចរឆ្លងកាត់ទៅមកច្រើន និងដើម្បី រក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឯកឧត្តមបានជំរុញ ដល់មន្ត្រីជំនាញត្រូវបន្តសិក្សា និងពិនិត្យមើល ទីតាំងបែងចែកគន្លងផ្លូវសម្រាប់ថ្មើរជើង គន្លងផ្លូវសម្រាប់ជនពិការ ទីតាំងសម្រាប់ចត យានយន្តជាដើម៕

ដោយ ឃុត សៅ