អភិបាលខេត្តបាត់ដំបងអនុញ្ញាតឱ្យអាជីវករផ្សារថ្មគោលចូលលក់វិញជាធម្មតា

AKP បាត់ដំបង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — នៅរសៀលថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ចំណីអាហារ ក្នុងរោង អាហារដ្ឋានផ្សារថ្មគោល ស្រុកថ្មគោល នៅបរិវេណសាលាស្រុកថ្មគោល។

កន្លងមកបងប្អូនអាជីវករលក់ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោលបាន មក សុំឱ្យអាជ្ញាធរស្រុកជួយអន្តរាគមន៍ ក្នុងករណីប្តឹងតវ៉ា រវាងបងប្អូនអាជីវករលក់ ចំណីអាហារ ក្នុងរោងអាហារដ្ឋានផ្សារថ្មគោលចំនួន៧៤តូប ស្មើនឹង១១៣នាក់ ជាមួយនឹងប្រធានក្រុមហ៊ុន ផ្សារថ្មគោល។


អាជីវករបានលើកឡើងថា បានជាពួកគាត់មកសុំការអន្តរាគមន៍ពីអាជ្ញាធរស្រុក និង ប្តឹងតវ៉ាជាមួយប្រធានក្រុមហ៊ុនផ្សារថ្មគោល នេះព្រោះប្រធានក្រុមហ៊ុនផ្សារថ្មគោលបានដេញ និងរុះរើចេញពីកន្លែងលក់ចាស់ ដើម្បីផ្លាស់ទីតាំងលក់ឱ្យទៅលក់ខាងក្នុងផ្សារវិញ ដោយ កន្លែងលក់បច្ចុប្បន្នខាងក្រុមហ៊ុនគ្រោងសាងសង់ជាផ្ទះល្វែងវិញ។ បងប្អូនអាជីវករទាំង នោះមិនពេញចិត្ត និងមិនយល់ព្រមសម្រាប់ការផ្លាស់ប្តូរទីតាំងនេះឡើយ ដោយសំអាងថា ខាងក្រុមហ៊ុនផ្សារធ្វើនេះខុសពីពាក្យសន្យាកាលពីមុន ដោយពួកគាត់បាន ប្រកបអាជីវកម្មនៅទីតាំងនេះអស់រយៈពេល១១ ឆ្នាំមកហើយ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបានបញ្ជាក់ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ ជាក់ស្តែងអាជីវករលក់ដូរចំណីអាហារនៅផ្សារថ្មគោល ទាំង១១៣នាក់ស្មើនឹង៤៧តូបនេះ ជួបប្រទះការលំបាកផងនោះ និងដោយមានការណែនាំ ផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បានចុះមកដោះស្រាយជាបន្ទាន់ព្រមទាំងបានប្រកាសដំណឹងល្អ ដោយសម្តេចតេជោ បានអនុញ្ញាតឱ្យបងប្អូនអាជីវករចូលលក់ដូរដូចដើមវិញចាប់ពីថ្ងៃប្រកាសនេះតទៅ ដើម្បី លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃចូលរួមកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋយើងផងដែរ៕

ដោយ ណយ នឿន