កម្ពុជាមានអគារសាធារណៈចំនួន១.១២៧អគារ និងបុរីលំនៅឋានមានជាង២០០ទីតាំងធំៗ ជាស្នាដៃស្ថាបត្យករ និងវិស្វករខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាមានអគារសាធារណៈចំនួន១.១២៧អគារ និងបុរីលំនៅឋានចំនួនជាង២០០ទីតាំងធំៗ ដែលសុទ្ធសឹងតែមានការចូលរួមចំណែកពីស្ថាបត្យករ និងវិស្វករខ្មែរ។ឯកឧត្ដមបានលើកឡើងថា ចំពោះអគារថ្មីៗ ដែលកំពុងសាងសង់ដូចជា អគារគយ និងរដ្ឋាករកម្ពុជា អគារក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងអគារក្រសួងដែនដីជាដើម។ ចំណែកឯ អគារពាណិជ្ជកម្មឯកជនវិញ មានដូចជា អគារវឌ្ឍនៈ អគារកាណាឌីយ៉ា និងខុនដូថ្មីៗជាច្រើន។ទាំងអស់នេះសុទ្ធតែមានការចូលរួម សាងសង់ដោយវិស្វករខ្មែរ។ យ៉ាងណាក៏ដោយ ឯកឧត្តម រដ្ឋលេខាធិការទទួលស្គាល់ថា សមិទ្ធផលទាំងនេះក៏មានការចូលរួមចំណែកពីស្ថាបត្យករ និងវិស្វករបរទេសផងដែរ។ បើតាម ឯកឧត្តមបានគូសបញ្ជាក់ថា វិស្វករនិង ស្ថាបត្យករខ្មែរមានសមត្ថភាពចូលរួមចំណែកក្នុងការ អភិវឌ្ឍវិស័យសំណង់អគារទំនើបៗមិនចាញ់វិស្វករនិងស្ថាបត្យករបរទេសឡើយ។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា ការអភិវឌ្ឍវិស័យសំណង់ នៅ កម្ពុជាចាប់តាំងពីឆ្នាំ១៩៨៤មក សុទ្ធតែមានការចូលរួមចំណែកបញ្ចេញស្នាដៃយ៉ាងច្រើន ពីវិស្វករសំណង់ ពីស្ថាបត្យករ និងអ្នកបច្ចេកទេសជំនាញរបស់កម្ពុជាផ្នែកទឹក ភ្លើង ប្រព្រឹត្តិ កម្មទឹកកខ្វក់ និងអគ្គិភ័យ ដើម្បីធ្វើឱ្យសម្រេចបាននូវអគារសាធារណៈ និងអគារឯកជន ទូទៅ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកជាឧទាហរណ៍ជាក់ស្តែងដូចជា អគារវិមានសន្តិ ភាពសាងសង់ដោយវិស្វករខ្មែរ និងរចនាតាមបែបខ្មែរសម្រាប់ប្រើប្រាស់ជាការិយាល័យ នាយករដ្ឋមន្ត្រី និងជាកន្លែងប្រជុំអន្តរជាតិ។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់កោត សរសើរជាសាធារណៈចំពោះកូនខ្មែរដែលមានសមត្ថភាពសាងសង់អគារប្រណីតៗ និងស្ពាន ថ្នល់ សាលារៀន និងសមិទ្ធផលផ្សេងៗទៀត៕

ដោយ គង់ សិរីរ័ត្ន