សម្ដេចតេជោនាយករដ្ឋមន្ត្រីបង្ហាញពីការរំភើបរីករាយចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩​ — នៅក្នុងរូបថតមួយសន្លឹកដែលមើលពីក្នុងរថយន្ត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញពីការរំភើបរីករាយចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​រប​ស់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើងថែមទៀតនោះ។


ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស​ម្ដេ​ច​តេជោបានសរសេរថា ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែល​បាន​ឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះ​តូ​ច​​ឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។
សម្ដេចបានបន្តថា ស្ថា​ន​ភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួលដែរ គឺទន្ទឹម នឹងកម្ពុជា​យើ​ង ​កំពុងមានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួនក៏​កំពុងមានសង្រ្គាម បំផ្លាញ​គ្រប់​យ៉ា​ង ហើយពលរដ្ឋគ្មានឱកាសអ្វីទាំងអស់។ កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិន​វិ​ល​ថយក្រោយជាដាច់ខាត។ ពេលនេះ យើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែ​បន្ត​ប្រឹង​ប្រែងទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវឱ្យ​មានអ្វី មករំខានដល់​ដំ​ណើ​រការអភិវឌ្ឍប្រទេសជាតិឡើយ។ ប្រទេសជាតិដែលមានសុខសន្តិភាព​ពេញលេញដូច​ស​ព្វ​ថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ គ្រប់ៗរូប៕

ដោយ ជឹម ណារី