មន្ទីរទេសចរណ៍ខេត្តសៀមរាបគ្រោងពង្រីកមណ្ឌលព័ត៌មានទេសចរណ៍ ​នៅក្នុងក្រុង​សៀមរាប​ និង​នៅតាម​សហគមន៍

AKP សៀមរាប ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេសចរណ៍ខេត្តសៀមរាប​បាន​ឱ្យដឹងកាលពីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា នៅក្នុងខេត្តសៀមរាប​មាន​តំបន់ទេសចរណ៍ជាច្រើន​ទំាង​តំបន់ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍កែច្នៃ។ ដើម្បីជួយ សម្រួលដល់ភ្ញៀវទេសចរបានទៅស្គាល់ និងបានទៅកម្សាន្តតំបន់ទំាងនោះ មណ្ឌលព័ត៌មាន គឺមានតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងផ្តល់ព័ត៌មានពីតំបន់ទេសចរណ៍នេះទៅ ដល់ពួកគាត់។

លោកបានបន្តថា ​មណ្ឌលព័ត៌មានទេសចរណ៍ គឺមិនត្រឹមតែជាកន្លែងផ្តល់នូវសេវាបដិ សណ្ឋារកិច្ច និងផ្តល់ព័ត៌មានទេសចរណ៍នានាដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែង ផ្សព្វផ្សាយពីសក្តានុពល និងផលិតផលទេសចរណ៍ក្នុងស្រុកផងដែរ ដែលទាំងនេះគឺជាការ ផ្តល់អត្ថប្រយោជន៍វិជ្ជមានដល់សង្គមសេដ្ឋកិច្ច និងភាពសុខដុមរមនាក្នុងតំបន់គោលដៅ ទេសចរណ៍ផងដែរ។

លោក ង៉ូវ សេងកាក់ បញ្ជាក់ថា បច្ចុប្បន្ននេះមាន​អ្នកទេសចរជាច្រើន​បាន​មកសួរព័ត៌ មាននៅមណ្ឌលព័ត៌មាន​ទេសចរណ៍នេះ។ ភាគច្រើនជាប្រភេទភ្ញៀវទេសចរ ធ្វើដំណើរឬក្រុម ភ្ញៀវធ្វើដំណើរដោយឯករាជ្យ ព្រោះការសម្រេចចិត្តរបស់ភ្ញៀវទេសចរ បែបឯករាជ្យគឺ អាស្រ័យលើការស្វែងរកព័ត៌មានពីប្រភពព័ត៌មានខាងក្រៅ ដូចជាសៀវភៅ ផ្នត់ទេសចរណ៍ សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយល្បីៗ ទីភ្នាក់ងារទេសចរណ៍ និងព័ត៌មាន ទេសចរណ៍ដែលផ្តល់ដោយមណ្ឌលព័ត៌មានទេសចរណ៍ ប្រចាំនៅតាមគោលដៅ ទេសចរណ៍។

លោកបានបន្តថា បច្ចុប្បន្ននេះ នៅក្នុងក្រុងសៀមរាប​មាន​មណ្ឌលព័ត៌មានទេសចរណ៍ ចំនួន៤កន្លែងហើយ ប៉ុន្តែដោយសារមណ្ឌលព័ត៌មាន​ទេសចរណ៍នេះ​បាន​ផ្តល់ប្រយោជន៍ ច្រើន​ដល់វិស័យទេសចរណ៍កម្ពុជា មន្ទីរទេសចរណ៍ខេត្តសៀមរាប​គ្រោងបង្កើតមណ្ឌលព័ត៌ មាន​ទេសចរណ៍មួយទៀតនៅជិតរង្វង់មូលផ្លូវ៦០ម៉ែត្រ ដែលសាងសង់ឡើងតាមស្តង់ដារ មានកន្លែងផ្តល់ព័ត៌មាន មានភោជនីយដ្ឋាន មាន​បន្ទប់ទឹកស្អាត ហើយមណ្ឌលព័ត៌មាន​ទេសចរណ៍ថ្មីនេះគ្រោងសាងសង់ឱ្យហើយនៅខែសីហាឆ្នាំ២០១៩នេះ។ ក្រៅពីនៅក្នុងក្រុង មន្ទីរក៏គ្រោងរៀបចំឱ្យមាន​មណ្ឌលព័ត៌មាន​ទេសចរណ៍នៅតាម​សហគមន៍ផងដែរ។

លោកបាន​បញ្ជាក់ទៀតថា មណ្ឌលព័ត៌មាន​ទេសចរណ៍នេះ មិនត្រឹមតែសម្រាប់ផ្តល់ ព័ត៌មាន​តែអំពីតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានជួយសម្រួលដល់អ្នកទេសចរដែល វង់ង្វេងផ្លូវរកសណ្ឋាគារស្នាក់នៅមិនឃើញ ឬក៏មាន​ពាក្យបណ្តឹងក្នុងខេត្តអាចដាក់ប្តឹងបាន ហើយមន្រ្តីជំនាញ និងដោះស្រាយជូនគាត់ឱ្យបាន​ទាន់ពេលវេលា៕

ដោយ ឃុត សៅ