សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាផ្ទាល់ដល់ឃុំ សង្កាត់ ប្រមាណ ៧ម៉ឺនដុល្លារ ដល់១១ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — ដើម្បីធ្វើកំណែទម្រង់តាមបែបវិជ្ឈការ និងវិសហមជ្ឈការឱ្យមានប្រសិទ្ធ ភាពនោះ រាជរដ្ឋាភិ​បាលនឹងទម្លាក់ថវិកាដល់ឃុំ សង្កាត់ផ្ទាល់ ហើយកើនជាបណ្តើរៗដើម្បីអភិវឌ្ឍន៍ ដោយមិន គិតពីថវិការដ្ឋបាល និងប្រាក់បៀវត្សរ៍នោះទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡា  ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យ ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្ដឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានកត់សម្គាល់ឃើញថា បានឯកភាពគ្នាពីថ្នាក់លើដល់ថ្នាក់ក្រោម​ ហើយក៏បានចាប់ផ្តើមជ្រួតជ្រាបដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាប្រជាពលរដ្ឋ។ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា “យើងអាចវាយតម្លៃថា រហូតមកដល់នេះ ទាំងអស់ គ្នាបានផ្តល់នូវសារៈសំខាន់នូវកំណែទម្រង់នេះ ដែលជាកំណែទម្រង់មួយដែលមានលក្ខខណ្ឌ ជាប្រវត្តិសាស្ត្រនៃការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា”។ សម្តេចក្រឡាហោមបន្តថា ឆ្នាំ២០១៩នេះ នឹងបន្តជំរុញថែមទៀត នៅការផ្ទេរសិទ្ធិអំណាច ផ្ទេរធនធានថវិកា រាប់ទាំងធនធានមនុស្ស ផងដែរ ដែលក្រសួងស្ថាប័នមួយចំនួន បាននិងកំពុងចាប់អារម្មណ៍ យ៉ាងខ្លាំងទាក់ទងនិងការ ផ្ទេរនេះ។

សម្ដេចក្រឡាហោមបានលើកឡើងថា តាមកម្មវិធីជាតិរយៈពេល១០ឆ្នាំ​នឹងត្រូវ​បញ្ចប់នៅឆ្នាំ២០២០ ហើយបន្ទាប់ពីបញ្ចប់កម្មវិធីរាជរដ្ឋាភិបាលក៏មានផែនការថ្មីបន្តទៀត ដែល​ផែនការថ្មីនោះគឺតម្រង់ទិសតែម្តង ពីព្រោះថាយើងបានផ្ទេរធនធានមនុស្ស ថវិកា ទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចក្រឡាហោមបានបន្ថែមថា “ខ្ញុំបានផ្តួចផ្តើមយោបល់ ហើយ ម្យ៉ាងក៏ស្របនឹងតួនាទីរបស់ក្រសួងផង អីញ្ចឹងហើយខ្ញុំ និងសេនាធិកាដ្ឋានដែលគណៈ​កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) និង អគ្គលេខាធិការដ្ឋានក្រសួង បានសាកល្បងលើកជាសំណើដើម្បីជជែកជាមួយក្រសួង សេដ្ឋ​កិច្ចនិង ហិរញវត្ថុ អំពីការបន្ថែមមូលនិធិឃុំ សង្កាត់ សម្រាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣”។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២០ខាងមុខ ឃុំ សង្កាត់ ត្រូវមានថវិកា អភិវឌ្ឍន៍ដោយមិនគិតថវិការដ្ឋបាល និងប្រាក់បៀវត្សរ៍ ចាប់ពី៧៣.០០០ដុល្លារ (បច្ចុប្បន្ន ប្រមាណ៣៥.០០០ដុល្លារ) ហើយឆ្នាំ២០២១ កើន៨៥.០០០ដុល្លារ ឆ្នាំ២០២២ កើនដល់ ១០០.០០០ដុល្លារ ហើយឆ្នាំ២០២៣ នឹងកើនដល់១១ម៉ឺនដុល្លារ។ សម្ដេចបានបន្ដទៀតថា ដូច្នេះនេះគឺជាមហិច្ឆតា ឬឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់លទ្ធភាព ដល់រដ្ឋ បាលឃុំ សង្កាត់ ក្នុងការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួនដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជា​ពលរដ្ឋ៕

ដោយ ប៊ុន រិទ្ធ