រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យមន្រ្ដីជំនាញបង្កើតឱ្យមានច្រកចេញ ចូលតែមួយនៅតាមស្រុក ខណ្ឌទូទាំងប្រទេសចាប់ពីឆ្នាំ២០១៩នេះតទៅ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្រ្តី ជំនាញពាក់ព័ន្ធធ្វើការសិក្សា ដើម្បីធ្វើយ៉ាងណបង្កើតឱ្យមានច្រកចេញចូលតែមួយនៅតាម ស្រុក ខណ្ឌទូទាំងប្រទេស សម្រាប់បង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ​កាន់តែ​មានភាពល្អប្រសើរ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង​មហាផ្ទៃ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការបង្កើតច្រកចេញចូលតែមួយនេះ គឺបាន​ចូលរួមកាត់បន្ថយអំពើពុករលួយ មានតម្លាភាព ការផ្តល់សេវាបានរហ័សជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ច្រកចេញចូលតែមួយនេះ បានចូលរួមចំណែកក្នុងការ ប្រមូលថវិកាចូលជាតិបានច្រើនផងដែរ ដែលនេះ គឺជានយោបាយមួយត្រឹមត្រូវក្នុងការបម្រើ ជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក្រឡាហោមបន្តថា ជាក់ស្តែងបច្ចុប្បន្ន នេះ នៅតាមរាជធានី ខេត្តមានច្រកចេញចូលទាំងអស់។ ប៉ុន្តែច្រកចេញចូលនៅតាមស្រុក ខណ្ឌ គឺមានតែ៥២ប៉ុណ្ណោះ ដែលបញ្ហានេះ គឺទាមទារឱ្យបង្កើតឱ្យបាននៅទូទាំង ប្រទេសចាប់ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ខាងមុខនេះ៕

ដោយ ចាន់ សុធីវង្ស