ក្រុមហ៊ុនវៀតណាម មានគម្រោងវិនិយោគរោងចក្រកែច្នៃខ្សែភ្លើងគ្រប់ប្រភេទ ក្នុងស្រុកសម្រាប់នាំចេញ

AKP ព្រះសីហនុ ថ្ងៃទី១៣ ​ខែកុម្ភៈ ​ឆ្នាំ២០១៩ -ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីសំណើគម្រោងវិនិយោគរោងចក្រកែច្នៃខ្សែភ្លើងគ្រប់ប្រភេទ ក្នុងស្រុក សម្រាប់ធ្វើការនាំចេញ របស់ក្រុមហ៊ុន CAPYUREAL IMPORT & EXPORT CO.,LTD. ដែលមានគម្រោងវិនិយោគនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានា នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

តំណាងក្រុមហ៊ុន CAPYUREAL IMPORT & EXPORT CO.,LTD. បានឱ្យដឹងថា ក្រុមហ៊ុនបង្កើតរោងចក្រកែឆ្នៃខ្សែភ្លើងគ្រប់ប្រភេទសម្រាប់ធ្វើការប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ នៅលើផ្ទៃដីចំនួន ៣ហិកតា ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ គម្រោងវិនិយោគរោងចក្រកែច្នៃខ្សែភ្លើងគ្រប់ប្រភេទក្នុងស្រុក សម្រាប់ធ្វការនាំចេញក្នុងទឹកប្រាក់ចំនួន ៦៧៨.០០០ដុល្លារអាម៉េរិក និងទុនចុះបញ្ជី ៥០០.០០០ដុល្លារអាម៉េរិក ដែលជាភាគហ៊ុនរបស់ប្រទេសវៀតណាម ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តស្វាគមន៍អ្នកវិនិយោគមកពីបណ្ដលប្រទេសនានា ដែលចង់មកធ្វើវិនិយោគ រកស៊ីនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែមន្ត្រីជំនាញត្រូវតែសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ចំពោះប្រជាពល រដ្ឋដែលរស់នៅជុំវិញតំបន់វិនិយោគ ព្រោះការវិនិយោគ វាអាចមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឱ្យផលប៉ះពាល់ក្នុងកម្រិតតិចបំផុត ។ ការបង្កើតរោងចក្រសហគ្រាសត្រូវការកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋនៅជុំវិញរោងចក្រ ជាកម្លាំងពលកម្មមួយមិនអាចខ្វះបាន ប្រជាពលរដ្ឋមានការងារធ្វើបង្កើនជីវភាពគ្រួសារ និងសង្គមសេដ្ឋកិច្ច ។ ដោយខេត្តព្រះសីហនុមានសក្តានុពល ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេស ចរណ៍ និងមានកំពង់ផែទឹកជ្រៅតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកជញ្ជូនផលិតផលទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោក ។

សូមរម្លឹកថា កន្លងមកក៏មានក្រុមហ៊ុនផលិតដែករបស់វៀតណាម មានគម្រោងមកវិនិយោគរោងចក្រផលិតដែកនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផងដែរ ៕

ដោយ ងូ សុមុនី