អន្តរក្រសួងពិនិត្យគម្រោងអភិវឌ្ឍន៍ និងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ

AKPភ្នំពេញថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និង ផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអភិវឌ្ឍន៍និងបង្កើតស្ថានីយ ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងបន្តថា គម្រោងអភិវឌ្ឍន៍ និងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានកម្លាំង៦០មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន SCHNEITEC RENEWABLE ដែលត្រូវបានសិក្សារៀបចំឡើងដោយក្រុមហ៊ុនទីប្រឹក្សា E & A Consultant។​ របាយការណ៍​ EIA គ្របដណ្តប់លើចំណុចសំខាន់ៗ​ រួមមាន៖ ១-ធ្វើការពិនិត្យ វិភាគ និងបង្ហាញពីលក្ខណៈ និងព័ត៌មានរបស់គម្រោងអភិវឌ្ឍន៍ និងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ១១៥ហិកតា។ ២-សិក្សាអំពីធនធានរូបសាស្រ្ត ធនធានជីវសាស្រ្ត និង ធនធានសេដ្ឋកិច្ចសង្គមនៅក្នុង និងជុំវិញតំបន់គម្រោងដើម្បីជាទិន្នន័យគោលមួយក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ។ ៣-រៀបចំកិច្ចពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធសម្រាប់ផ្តល់យោបល់លើគម្រោង។ ៤- កំណត់ទំហំនៃហេតុប៉ះពាល់បរិស្ថានទៅលើធនធានបរិស្ថានធម្មជាតិ និងបរិស្ថានសង្គមដែលមានស្រាប់ នៅក្នុងតំបន់សិក្សាទាំងវិជ្ជមាន និងអវិជ្ជមានដោយសារសកម្មភាពដំណើការរបស់គម្រោង។ ៥-កំណត់នូវវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គម (អវិជ្ជមាន)ដែលអាចកើតមានឡើងពីសកម្មភាពគម្រោងឱ្យដល់កម្រិតអប្បបរមា ។ ​៦- វិភាគតម្លៃសេដ្ឋកិច្ច និងតម្លៃបរិស្ថាន ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន ។ ៧-រៀបចំមូលនិធិបរិស្ថាន និងសង្គមដើម្បីស្តារបរិស្ថានឡើងវិញ និងចូលរួមអភិវឌ្ឍន៍ភូមិ ឃុំដែលពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

ប្រភពខាងលើដដែលបានបន្តថា ជារួមអង្គប្រជុំបានពិនិត្យឃើញថា​ គម្រោងនេះពិតជាមានសារ:ប្រយោជន៍ណាស់សម្រាប់ប្រទេសកម្ពុជា​ ដោយថ្លៃអគ្គិសនីលក់ជូនអគ្គិសនីកម្ពុជាគឺក្នុងតម្លៃ​ ៧,៦​សេនដុល្លារងាម៉េរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយវាជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានច្រើនទៀតផង។ របាយការណ៍នេះត្រូវបានរៀបចំឡើងបានត្រឹមត្រូវ​ ហើយអង្គប្រជុំបានផ្តល់មតិយោបល់មួយចំនួនទៀតបន្ថែមទៅលើមតិយោ   បល់ ដែលបានផ្តល់ជូនកន្លងមកដោយនាយកដ្ឋាន​ EIA ដើម្បីឱ្យក្រុមហ៊ុនទីប្រឹក្សាយកទៅពិនិត្យកែសម្រួលរបាយការណ៍នេះឡើងវិញ ៕

ដោយ ពេជ្រ ណារិទ្ធ