អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បញ្ហាបរិស្ថាន ក្នុងតំបន់វិមានឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ -ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអាជ្ញាធរមូល   ដ្ឋាន ត្រូវយកចិត្ដទុកដាក់បញ្ហាបរិស្ថាន និងអនាម័យគឺជារឿងចាំបាច់ដែលត្រូវដោះស្រាយជាបន្ទាន់នៅជុំវិញទីតាំងបរិវេណវិមានឈ្នះ ឈ្នះ ព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែអញ្ជើញមកទស្សនាជាហូរហែរមិនដាច់ ។ ដោយសារតំបន់នេះក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្ដរជាតិចូលមកទស្សនា ។ ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅអាជ្ញាធរមូលដ្ឋានបែបនេះ ខណៈដែលឯកឧត្ដម កោះប្រជុំជាបន្ទាន់ជាមួយអាជ្ញាធរពាក់ព័ន្ធ កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា  រហូតមកដល់ពេលនេះវិមានឈ្នះឈ្នះ ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋចូលមកទស្សនាកម្សាន្តមានរយៈពេលជាងមួយខែមកហើយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែអញ្ជើញមកទស្សនាវិមានប្រវត្តិសាស្ត្រនេះជាហូរហែរ ហេតុដូច្នេះត្រូវតែរក្សាឱ្យបាននូវបញ្ហាបរិស្ថាន និងអនាម័យ ពោលគឺមិនឱ្យមានសំរាម ឬស្បោងផ្លាស្ទិកហោះហើរនៅពេលមានខ្យល់បក់ ។ ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អផងដែរ ។

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងបាន សម្ភោធដាក់ឱ្យប្រើប្រាស់នៅចុងខែធ្នូ ឆ្នាំ២០១៨  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លងមក ជាងនេះទៅទៀតវិមានឈ្នះឈ្នះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ផងដែរ ៕

ដោយ សួស សំរិត