អង្គការសុខភាពពិភពលោកចាត់ទុកជោគជ័យរបស់កម្ពុជា ក្នុងយន្តការប្រយុទ្ធនឹងឆ្លើយ​តប​ទៅនឹងជំងឺអេដស៍ អាចនឹងយកទៅអនុវត្តន៍នឹងជំងឺមិនឆ្លងផ្សេងទៀត

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — តំណាងអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកបទពិសោធន៍ និងជោគជ័យ ក្នុងយន្តការប្រយុទ្ធនឹងឆ្លើយ​តបទៅនឹងមេរោគអេដស៍ជំងឺអេដស៍នៅកម្ពុជា អាចនឹងត្រូវបានយកទៅអនុវត្តន៍ក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺមិនឆ្លង ដូចជា ជំងឺ ទឹកនោមផ្អែម ជំងឺលើសឈាមជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍។ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលាបន្ទាប់ពីចប់បេសកកម្មនៅកម្ពុជា ជាមួយឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីព្រឹកថ្ងៃទី១២​ ខែ កុម្ភ:​ ឆ្នាំ២០១៩​ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត Liu Yunguo តំណាង អង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងការកោតសរសើរចំពោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលបានជួយជ្រោមជ្រែងសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក ក្នុងការលើកកម្ពស់ការគ្របដណ្តប់ ការឆ្លើយតប និងការគាំទ្រ អន្តរវិស័យ ដែលមាននិរន្តភាព ភាពជាម្ចាស់ ដោយមានការចូលរួមពីសំណាក់ អង្គការសង្គម ស៊ីវិល និងជាពិសេសក្រុមតំណាងប្រជាពលរដ្ឋកំពុងរស់នៅជាមួយមេរោគអេដស៍។

ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន មានប្រសាសន៍ថា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានសហការ និងបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងកិច្ចការ​ប្រយុទ្ធ និងឆ្លើយតបទៅ នឹងមេរោគអេដស៍ ជំងឺអេដស៍ ក៏ដូចជាក្នុងការគ្រប់គ្រងសម្របសម្រួលគម្រោងមូលនិធិ​សកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។ ឯកឧត្តមបានលើកឡើងថា សម្រាប់​ព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជាប់ឆ្នោត​ជា​ប្រធានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល លោកវេជ្ជបណ្ឌិតតំណាង អង្គការ សុខភាពពិភពលោកក៏ជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការនេះផងដែរ៕

ដោយ អ៊ុន រិទ្ធី(ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)