ខេត្តសៀមរាប​មានបង្គន់សាធារណៈចំនួន១២កន្លែង សម្រាប់ចូលរួមចលនា ប្រឡងប្រណាំងស្តង់ដារបង្គន់សាធារណៈកម្ពុជាលើកទី១

AKP សៀមរាប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក ង៉ូវ សេង​កាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំង  “ទីក្រុងស្អាត  រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច​ល្អ”  គណៈកម្មាធិការជាតិវាយតម្លៃទីក្រុង ស្អាតបានដាក់ចេញនូវចលនាប្រឡងប្រណាំង “បង្គន់សាធារណៈកម្ពុជា” ​សំដៅជំរុញ និង ពង្រឹងការរៀបចំ និងគុណភាពសេវាកម្មបង្គន់សាធារណៈកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាប្រកបដោយបរិស្ថានស្អាត  អនាម័យ  ផាសុកភាព  និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ  រួមចំណែក​លើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាព ទាក់ទាញ សក្តិសមនឹងប្រសិទ្ធនាម៖​ “កម្ពុជា៖ ព្រះរាជា​ណាចក្រអច្ឆរិយ​​ផ្តល់ភាពកក់ក្តៅ” ។លោកបាន​បន្តថា សម្រាប់ការចលនាប្រឡងប្រណាំងស្តង់ដារបង្គន់ សាធារណៈ កម្ពុជាលើកទី១ នេះមន្ទីរទេសចរណ៍ខេត្តសៀមរាប​បានបញ្ជូនបេក្ខភាព​បង្គន់​សាធារណៈ ចំនួន១២ កន្លែង ​ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងនេះ    ក្នុងនោះមាន បង្គន់អនាម័យ​​នៅតាមផ្សារ​ទំនើបស្ថានីយប្រេង រមណីយដ្ឋាន មណ្ឌលព័ត៌មានទេសចរណ៍  គ្រឹះស្ថានអង្គរ និងក្នុងតំបន់រមណីយដ្ឋានអង្គរ។ 

លោក ង៉ូវ សេង​កាក់ បាន​ជំរុញឱ្យតាម​គ្រឹះស្ថាន​ ស្ថាប័នរដ្ឋ និងឯកជន ភោជនីយដ្ឋាន​ ម្ចាស់ផ្សារ និងរមណីយដ្ឋានទាំង​អស់ត្រូវធ្វើ​យ៉ាង​ណាឱ្យបន្ទប់ទឹករបស់យើងស្អាត ព្រោះវាជា កត្តាដ៏សំខាន់ណាស់ពេលភ្ញៀវគេទៅទទួលទានអាហារ ឬទៅទំនាក់ទំនង ការងារអ្វី មួយគឺគេមើលទៅលើអនាម័យស្អាត ដូច្នេះបើកន្លែងយើងស្អាតគេ និងមកកន្លែងទៀត។ លោកបានបន្តថា បច្ចុប្បន្ននេះ ឃើញថា មានបន្ទប់ទឹកសាធារណៈមួយ ចំនួនធំហើយស្អាត ដោយកន្លែងខ្លះមាន​បំពាក់ដោយម៉ាស៊ីនត្រជាក់មានកង្ហាបឺតខ្យល់ មិនល្អចេញត្រឹមត្រូវ និងមានផាសុកភាព។

លោក ចាន់ សុខភា អគ្គនាយកគ្រប់គ្រងមជ្ឈមណ្ឌលកម្សាន្ត Heritage Walk ដែល ជាបេក្ខភាពមួយកន្លែង ដែលបានចូលរួមចលនាប្រឡងប្រណាំងស្តង់ដារបង្គន់ សាធារណៈកម្ពុជាលើកទី១បាន​ឱ្យដឹងថា ដើម្បី​ធ្វើឱ្យភ្ញៀវដែលបាន​មកកម្សាន្តនៅ មជ្ឈមណ្ឌលនេះមាន​ការ​ពេញចិត្តពេលចូល​បន្ទប់ទឹកមជ្ឈមណ្ឌលកម្សាន្ត Heritage Walk បាន​យកចិត្តដាក់ខ្ពស់ក្នុងការរៀបចំបន្ទប់ទឹកនេះ ដោយនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Heritage Walkនេះមាន​បង្គន់សម្រាប់មនុស្សប្រុស ស្រី កូនក្មេង និង​ជនពិការ ហើយបន្ទប់ទឹក គឺស្អាតជានិច្ច។

សូមបញ្ជាក់ថា ចលនាប្រឡងប្រណាំងស្តង់ដារបង្គន់សាធារណៈកម្ពុជាលើកទី១នេះ គឺវាយតម្លៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងចូលរួមបោះឆ្នោតពីភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែលអាចចូលរួម​​បញ្ចេញ​មតិ​​យោបល់ rating ​​ពី​កម្រិត​នៃ​ភាព​ពេញ​ចិត្ត​លើភាព​ស្អាត​ និង​អនាម័យ​នៃ​បង្គន់​សាធារណៈ​កម្ពុជា​ ដែលធ្លាប់បានប្រើប្រាស់សេវាក្នុងរយៈពេល១ខែចុងក្រោយ ដោយ​ចូលទៅតាម អាសយដ្ឋាននេះhttp://pt.cambodiacleanup.com/voter៕

ដោយ ឃុត សៅ