អភិបាលរងខេត្តព្រះសីហនុ ចូលរួមក្នុងប្រជុំបូកសរុប ស្តីពីវឌ្ឍនភាពសកម្មភាពមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម និងទិសដៅភារកិច្ចបន្ត

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ សកម្មភាពមីនខេត្តព្រះសីហនុ (PMAC) បានបើកកិច្ចប្រជុំបូកសរុបស្តីពីវឌ្ឍនភាព សកម្មភាពមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ អង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

លោក តោ មុនីសាក់ អនុប្រធានគណៈកម្មការសកម្មភាពមីនខេត្តព្រះសីហនុ បានឱ្យដឹងថា គណ:កម្មការបានប្រមូលទិន្នន័យគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការ ដោយសារមីន មានស្រុកចំនួន២ លើ៤ ក្រុង ស្រុក, ៦ឃុំ សង្កាត់ លើ ២៩ឃុំ សង្កាត់ ដែលបានសិក្សាស្រាវជ្រាវទិន្នន័យមូលដ្ឋាន ដែលកំណត់បានចម្ការមីន សំណល់ជាតិផ្ទុះសល់ពីសង្គ្រាម មានចំនួន ៤៧ចម្ការ ក្នុងនោះចំការគ្រាប់ចំនួន២៦ និងចម្ការមីនមានចំនួន២១ លើផ្ទៃដីសរុប ៥.៤០៧.៣១៦ម៉ែត្រការ៉េ ស្ថិតនៅភូមិចំនួន១១ លើភូមិសរុប ១១១ទូទាំងខេត្ត។ ក្នុងឆ្នាំ២០១៨ គណៈកម្មការសកម្មភាពមីនខេត្តបាន ចុះផ្សព្វផ្សាយការបញ្ជ្រាប និងបន្ស៊ីនៅក្នុងផែនការអភិវឌ្ឍឃុំ សង្កាត់។ លទ្ធផលការអនុវត្ត ការងារសកម្មភាពមីនក្នុងឆ្នាំ២០១៨ បានចុះអង្កេតសំណល់មីន គ្រាប់មិនទាន់ផ្ទុះចំនួន ៨លើក លើ១១ទីតាំង ក្នុងនោះនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុចំនួន ៤ ទីតាំង។ ឃុំបិតត្រាង ២ទីតាំង , ឃុំអូរឧកញ៉ាហេង ១ទីតាំង ,ឃុំព្រៃនប់ ១ទីតាំង ,ឃុំជើងគោ ១ទីតាំង ,ឃុំតានៃ ១ទីតាំង (ក្នុងស្រុកព្រៃនប់ ) និងឃុំកំពង់សិលា ស្រុកកំពង់សិលា ១ទីតាំង។ ដោយមានការផ្តល់ព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ គណៈកម្មការសកម្មភាពមីន បានសហការជាមួយអង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីនគរបាលគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រាប់រំសេវ និងអគ្គិភ័យ សម្រេចជម្លៀសសំណល់ជាតិផ្ទុះសរុបចំនួន ១៦៧គ្រាប់ ក្នុងនោះក្បាលគ្រាប់ចំនួន ៤៥គ្រាប់ គ្រាប់កាំភ្លើង DK ០១គ្រាប់ គ្រាប់ M79 ០៤គ្រាប់ គ្រាប់ផ្លោង ៨៦គ្រាប់គ្រាប់បែកដៃ ១០គ្រាប់ គ្រាប់រ៉ុក្កែត ១៩គ្រាប់ និងក្បាលគ្រាប់ចំនួន០២។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរមន្រ្តីគ្រប់ថ្នាក់ និងប្រជាពលរដ្ឋបានចូលរួមសហការ ផ្តល់ព័ត៌មានពីចម្ការមីន សកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីឱ្យ ក្រុមការងារបច្ចេកទេស ចុះទៅប្រមូលយកមករក្សាទុកបញ្ចៀសនូវគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងជំរុញឱ្យអាជ្ញាធរមូលដ្ឋានសហការចូលរួមផ្សព្វផ្សាយ និងប្រមូលទិន្ន ន័យ ស្រាវជ្រាវកំណត់ទីតាំងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះ នៅក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមការងារមីនមានទិន្នន័យច្បាស់លាស់ ក្នុងការប្រមូលយកមករក្សាទុក និងធ្វើការកម្ទេចចោល ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី