មន្ត្រីជាន់ខ្ពស់បេឡាជាតិរបបសន្ដិសុខសង្គមអះអាងថា ប័ណ្ណប.ស.ស អាចប្រើប្រាស់សម្រាប់ ព្យាបាលជំងឺមហារីក និងចាក់វាក់សាំងឆ្កែខាំបាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់បេឡាជាតិរបបសន្តិសុខសង្គមបានអះអាងថា ប័ណ្ណ បេឡាជាតិរបបសន្ដិសុខ សង្គម (ប.ស.ស) អាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីក ធ្វើការវះកាត់ និងចាក់វាក់សាំង ឆ្កែខាំបាននៅតាមមន្ទីរពេទ្យរដ្ឋដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិ។ ក្នុងពិធីប្រគល់ និងទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយស្ដីពីគោលនយោបាយ ការអនុវត្តរបបសន្តិសុខសង្គមជូនមន្ត្រីរាជការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម វេជ្ជបណ្ឌិត ស៊ុំ សោភ័ណ នាយករងបេឡា ជាតិរបបសន្តិសុខសង្គម បានគូសបញ្ជាក់ថា ប័ណ្ណរបបសន្តិសុខសង្គម អាចយកទៅប្រើ ប្រាស់​សម្រាប់ព្យាបាលជំងឺមហារីក ដោយការវះកាត់ ដោយការបញ្ចូលថ្នាំគីមី ឬបាញ់កាំរស្មី នៅតាមមន្ទីរពេទ្យរដ្ឋដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គមបាន។ ឯកឧត្តមបានលើកឡើងថា ឥឡូវនេះអ្នកជំងឺមហារីកអាចទៅព្យាបាលបាននៅមន្ទីរពេទ្យរុស្សី និងមន្ទីរពេទ្យកាល់ម៉ែត្របាន ដែលមន្ទីរពេទ្យទាំងពីរនេះជាដៃគូស្រាប់ជាមួយបេឡាជាតិ​របបសន្តិសុខសង្គម។ ឯកឧត្តមបានបន្ដថា ក្នុងករណីអ្នកជំងឺមហារីកទៅព្យាបាលជំងឺ​មហារីក នេះ​នៅកន្លែងផ្សេង ដូចជាពេទ្យឯកជនក្នុង និងក្រៅស្រុកជាដើមនោះ បេឡាជាតិរបប សន្តិសុខសង្គមមិនអាចទូទាត់ឱ្យបានទេ។

ដោយឡែកពាក់ព័ន្ធការចាក់វាក់សាំងវិញ លោក សុក បូរ៉ា ប្រធានការិយាល័យតាវលិកនៃបេឡាជាតិរបបសន្តិសុខសង្គមបានបញ្ជាក់ដែរថា អ្នកដែលត្រូវបានឆ្កែខាំ ឆ្មា ស្វាខាំ ឬពស់ចឹកអាចចាក់ថ្នាំវ៉ាក់សាំងនៅវិទ្យាស្ថានប៉ាស្ទ័របាន ក្រៅពីនោះមន្ត្រីរាជការដែលមានប័ណ្ណ ប.ស.ស នេះក៏អាចពិនិត្យរកមើលមហារីក ឬជំងឺពក ក នៅវិទ្យាស្ថានបាសទ័របានដែរ។ សម្រាប់មន្ត្រីរាជការដែលនៅតាមខេត្ត​ដែលមិនបាន​ទទួល​សេវាវ៉ាក់សាំងនៅប៉ាស័្ទរទេ គាត់អាចចាក់នៅមន្ទីរពេទ្យឯកជនក៏បានដែរដោយបេឡាជាតិ របបសន្តិសុខសង្គមជូនគាត់ក្នុង១ម្ជុលចំនួន៤ម៉ឺនរៀល។


លោកប្រធានការិយាល័យបានបន្ថែមទៀតថា ឥឡូវនេះ សូម្បីមន្ត្រីជាប់កិច្ចសន្យា ដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈក៏អាចទទួលបានសេវាព្យាបាលដែលរ៉ាប់ រងដោយបេឡាជាតិរបបសន្តិសុខសង្គមដូចមន្ត្រីរាជការទូទៅដែរ៕

ដោយ គង់ សិរីរ័ត្ន