ស្ថានទូតជប៉ុន នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៨ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ -ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៨ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ CJCC។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំ​ឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២មក ក្នុងគោលបំណងបង្ហាញពីវប្បធម៌បុរាណ និង ទំនើបរបស់ជប៉ុន និងកម្ពុជា​ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេស ទាំងពីរ ផងដែរ។ ជាមួយគ្នានេះ សម្រាប់ប្រធានបទក្នុងឆ្នាំនេះគឺ «Experience Together» ដែល ក្រោមប្រធានបទនេះ នឹងនាំយកនូវបទ ពិសោធន៍ ឬសកម្មភាពជាច្រើនទៀត សម្រាប់​អ្នកចូលរួម។ សម្រាប់កម្មវិធីខាងលើ អ្នកចូលរួមអាចសាកល្បងធ្វើសកម្មភាព​ទាំងអស់គ្នាជា​មួយនឹងក្រុមសិល្បករ និងអ្នករៀបចំផងដែរ។ លើសពីនេះ មហោស្រពនេះ ក៏នឹងមានកម្មវិធី ជាច្រើនទៀតដូចជា ការគូរមុខបែបទម្រង់សិល្បៈលោ្ខនបាសាក់ សិក្ខាសាលា ស្តីពីការ អភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកដោយក្រុមរដ្ឋាភិបាលជប៉ុនលើការថែរក្សាតំបន់អង្គរ សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា​«អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម។

ស្ថានទូតជប៉ុនសង្ឃឹមថា ប្រជាជនកម្ពុជានឹង​មានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយ​ប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើ​​វប្បធម៌ខ្មែរ និង​ជប៉ុន តាមរយៈការ ចូលរួមកម្មវិធីនានាក្នុងមហោស្រពនេះ៕

ដោយ អ៊ុន រិទ្ធី